ប្រភពពីក្រុមមន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិន ទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅក្នុងសប្តាហ៍នេះនៅជិតកោះតៃវ៉ាន់ ដោយប្រើសុន្ទរកថាថ្ងៃជាតិនាពេលខាងមុខរបស់មេដឹកនាំតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) ជាលេសដើម្បីដាក់សម្ពាធលើកោះនេះឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសចិន កាលពីខែឧសភា បានធ្វើសមយុទ្ធ “ដាក់ទណ្ឌកម្ម” ដែលត្រូវបានគេដាក់ឈ្មោះថា សមយុទ្ធ “ដាវរួម-២០២៤A” (Joint Sword - 2024A) នៅជុំវិញកោះតៃវ៉ាន់ ភ្លាមៗបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Lai នៅក្នុងអ្វីដែលទីក្រុងប៉េកាំង និយាយថា ជាការឆ្លើយតបទៅនឹង “ទង្វើផ្តាច់ខ្លួន” ដោយបានបញ្ជូនយន្តហោះចម្បាំងយ៉ាងច្រើន និងសមយុទ្ធនិមិត្តការវាយក្រសោបកោះ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានថ្កោលទោសលោក Lai។

មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ម្នាក់បាននិយាយដោយសម្អាងដល់ព័ត៌មានចារកម្មរបស់រដ្ឋាភិបាលថា “ការវាយតម្លៃរបស់យើងគឺថា មិនថាលោក Lai នឹងនិយាយអ្វីនៅថ្ងៃទី១០ ខែតុលាទេ ពួកគេអាចដាក់ឈ្មោះលើសមយុទ្ធដែលមានស្រាប់ ហើយហៅសមយុទ្ធដែលអាចនឹងធ្វើឡើងនោះថា “ដាវរួម-២០២៤B“។

គួរបញ្ជាក់ថា លោក Lai នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅថ្ងៃទី១០ ខែតុលា នៅក្នុងពិធីដ៏ធំមួយនៅមុខការិយាល័យមេដឹកនាំក្នុងទីក្រុងតៃប៉ិ ដើម្បីប្រារព្ធខួបលើកទី១១៣ នៃថ្ងៃកំណើតរបស់កោះតៃវ៉ាន់។ ទាំងក្រសួងការពារជាតិចិន និងអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕