អ៊ីស្រាអែល បានរៀបចំព្រឹត្តិការណ៍មួយនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ (០៧ តុលា) ដើម្បីប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាស ដោយប្តេជ្ញាបន្តប្រយុទ្ធរហូតដល់ចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា ដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ត្រូវបានដោះលែង ខណៈរិះគន់អង្គការសហប្រជាជាតិ ចំពោះការបរាជ័យក្នុងការថ្កោលទោសការសម្លាប់រង្គាលនោះ។

លោក ដាននី ដាណុន (Danny Danon) ឯកអគ្គរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា “អង្គការសហប្រជាជាតិ បានបរាជ័យមិនបានការពារជនស្លូតត្រង់ និងថ្កោលទោសអំពើដ៏ឃោរឃៅ។ សេចក្ដីសម្រេចដែលអង្គការសហប្រជាជាតិបានអនុម័តគឺអំពីស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា ប៉ុណ្ណោះ” ដោយសំដៅដល់វិធានការដែលធ្វើឡើងដោយក្រុមប្រឹក្សា និងមហាសន្និបាត។

ស្របពេលមានជម្លោះរវាងរដ្ឋាភិបាលអ៊ីស្រាអែល និងអគ្គលេខាធិការ UN គឺលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ដែលកាលពីសប្តាហ៍មុនត្រូវអ៊ីស្រាអែលរារាំងមិនឱ្យចូលប្រទេស អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) បាននិយាយថា មន្ត្រីអង្គការសហប្រជាជាតិប្រហែលមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍របស់អ៊ីស្រាអែល នៅទីស្នាក់ការអង្គការសហប្រជាជាតិនោះទេ។

ដោយផ្លាស់ប្ដូរការផ្ដោតចេញពីសង្រ្គាមហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីស្រាអែល បង្កើនការវាយប្រហារលើក្រុម ហេសបូឡា របស់លីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយបន្ទាប់មក អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលក្នុងការវាយប្រហារដោយមីស៊ីល។ នៅពេលត្រូវសាកសួរជុំវិញការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់នោះ ប្រសិតអ៊ីស្រាអែលរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងជជែកវែកញែកលើរឿងនោះ ហើយនឹងជ្រើសរើសទីតាំងពិតប្រាកដ និងវិធីសាស្រ្តនៃការឆ្លើយតប”៕