ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី បានរាយការណ៍ថា ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បានទៅពិនិត្យមើលច្រកឆ្លងកាត់ Jdeidet Yabous នៅព្រំដែនរវាងប្រទេសស៊ីរី និងប្រទេសលីបង់ កាលពីថ្ងៃចន្ទ។

លោក Grandi បាននិយាយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា «ខ្ញុំនៅព្រំដែនស៊ីរី-លីបង់ ជាកន្លែងដែលប្រជាជនមួយភាគបួននៃប្រជាជន១លាននាក់ បានឆ្លងកាត់ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់បានកើនឡើងខ្លាំង ហើយប្រជាជនជាង១,២លាននាក់ បច្ចុប្បន្ននេះ បានភៀសខ្លួនតែនៅក្នុងប្រទេសលីបង់។

លោកនិយាយថា អាជ្ញាធរតំបន់ អឌ្ឍចន្ទក្រហមស៊ីរី អង្គការសហប្រជាជាតិ និងដៃគូផ្សេងទៀត កំពុងធ្វើការ ២៤ម៉ោងក្នុង៧ថ្ងៃ ជាមួយអង្គការ UNHCR ដើម្បីធានាបាននូវការស្វាគមន៍ដោយមនុស្សធម៌ និងប្រសិទ្ធភាព សម្រាប់អ្នកទាំងឡាយណាដែលទៅដល់ប្រទេសស៊ីរី។
លោក Grandi បានលើកឡើងថា លោកបានអំពាវនាវរកថវិកាចំនួន៣២៤លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរបស់មនុស្សទាំងអស់ដែលភៀសខ្លួនចេញពីប្រទេសលីបង់ ទៅកាន់ប្រទេសស៊ីរីនិងក្រុមគ្រួសារដែលទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់អ្នកភៀសខ្លួនជាច្រើន។
លោកនិយាយថា វិបត្តិនេះ កើតឡើងនៅពេលដែលប្រជាជនស៊ីរីរាប់លាននាក់រស់នៅក្នុងស្ថានភាពលំបាក ហើយជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះផ្សេងៗ គឺត្រូវការជាបន្ទាន់។
កាលពីថ្ងៃច័ន្ទ សារព័ត៌មាន Al-Watan Online របស់ប្រទេសស៊ីរី បានដកស្រង់សម្តីរបស់នាយកដ្ឋានអន្តោប្រវេសន៍ និងលិខិតឆ្លងដែនរបស់ប្រទេសថា ប្រជាជនលីបង់ចំនួន ៩១.០០០នាក់ និងប្រជាជនស៊ីរី ២៣៩.០០០នាក់ បានទៅដល់ប្រទេសស៊ីរី ពីប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា នៅពេលដែលកងទ័ពអ៊ីស្រាអែល ចាប់ផ្តើមវាយលុកខ្លាំងលើប្រទេសលីបង់ ក្នុងជម្លោះរីកធំដ៏គ្រោះថ្នាក់ជាមួយក្រុមហេសបូឡា។