បង់ក្លាដែស៖ ហ្វូងជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Kutupalong កាលពីថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមពិធីដង្ហែសពរបស់មេដឹកនាំរ៉ូហ៊ីងយ៉ា ដែលត្រូវបានគេសម្លាប់កាលពីល្ងាចថ្ងៃពុធ។

លោក Mohibullah តំណាងអន្ដរជាតិនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់សម្លាប់នៅក្នុងជំរំនៅប្រទេសបង់ក្លាដែស។ លោកគឺជាគ្រូបង្រៀនម្នាក់ដែលបានក្លាយជាមេដឹកនាំជនភៀសខ្លួនដ៏សំខាន់ និងជាអ្នកនាំពាក្យតំណាងឱ្យក្រុមជនជាតិភាគតិចមូស្លីមនៅក្នុងកិច្ចប្រជុំអន្តរជាតិ។ ក្នុងឆ្នាំ២០១៩ លោកក៏បានទៅបំពេញទស្សនកិច្ចនៅសេតវិមានផងដែរ ដោយបានជួបពិភាក្សាស្តីពីសេរីភាពសាសនាជាមួយលោក Donald Trump អតីតប្រធានាធិបតីអាមេរិក និងបាននិយាយអំពីការរងទុក្ខវេទនា និងរងការធ្វើទុក្ខបុកម្នេញដែលជនជាតិរ៉ូហ៊ីងយ៉ាបានជួបប្រទះនៅសហភាពមីយ៉ាន់ម៉ា។
មិនមានក្រុមណាមួយបានសារភាពពីការវាយប្រហារនេះទេ ហើយគេនៅមិនច្បាស់ភ្លាមៗទេថាអ្នកណាជាអ្នកសម្លាប់។ អង្គការលើកលែងទោសអន្តរជាតិបានថ្កោលទោសចំពោះការសម្លាប់នេះ ហើយបានជំរុញឱ្យអាជ្ញាធរបង់ក្លាដែស និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិធ្វើការរួមគ្នា ដើម្បីធានាការការពារប្រជាពលរដ្ឋនៅក្នុងជំរំ ជាទីដែលក្ដីកង្វល់ផ្នែកសន្តិសុខកំពុងកើនឡើង៕
អត្ថបទ៖ សុខមាន