ប្រធានគណៈកម្មការឯករាជ្យសម្រាប់ការបោះឆ្នោត (ISIE) បាននិយាយតាមទូរទស្សន៍ជាតិថា ប្រធានាធិបតីប្រទេសទុយនីស៊ី លោក Kais Saied បានជាប់ឆ្នោតជាថ្មីកាលពីថ្ងៃចន្ទ ដោយទទួលបានសំឡេងឆ្នោត ៩០,៦៩ភាគរយ។

លោក Saied អាយុ៦៦ឆ្នាំ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយគូប្រជែងរបស់លោក លោក Ayachi Zemmal ទទួលបាន៧,៣ភាគរយ និងលោក Zouhair Maghzaoui ទទួលបានតែ ១,៩ភាគរយ នៃសន្លឹកឆ្នោត។

ចំនួនអ្នកទៅបោះឆ្នោតមានចំនួន ២៨,៨ ភាគរយ ជាចំនួនទាបបំផុតចាប់តាំងពីបដិវត្តន៍ឆ្នាំ២០១១ របស់ប្រទេស។ ការស្ទង់មតិក្រោយការបោះឆ្នោត ចេញផ្សាយតាមទូរទស្សន៍រដ្ឋ បានព្យាករថា លោក Kais Saied អាយុ៦៦ឆ្នាំ នឹងទទួលជ័យជម្នះដោយមានការគាំទ្រ ៨៩,២ ភាគរយ នេះបើយោងតាមស្ថាប័នបោះឆ្នោតរបស់ប្រទេស។
ការបោះឆ្នោតប្រធានាធិបតីលើកទីបីចាប់តាំងពីបដិវត្តន៍ប្រទេសទុយនីស៊ី ត្រូវបានកត់សម្គាល់ថាមានដំណើរការផ្លូវច្បាប់មិនធ្លាប់មានពីមុនមក ដោយមានបេក្ខជនជាច្រើនត្រូវបានដកហូតសិទ្ធិ ឬជាប់ពន្ធនាគារ។