ខណៈពេលដែលពិភពលោកបានផ្តោតលើការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ និងការបំផ្លិចបំផ្លាញពីយុទ្ធនាការយោធាសងសឹកដែលកំពុងបន្ត របួសផ្លូវចិត្តរបស់ពលរដ្ឋអ៊ីស្រាអែល ពីហេតុការណ៍កាលពីឆ្នាំមុននោះ នៅតែមិនទាន់ជាសះស្បើយនៅឡើយ។

ការវាយប្រហាររបស់ក្រុមហាម៉ាស គឺជាមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ដែលធ្វើឱ្យប្រទេសនេះមានការស្រងាកចិត្តពីបរាជ័យរបស់យោធាដែលមិនបានការពារប្រជាជនខ្លួន។ សម្រាប់ជនជាតិជ្វីហ្វនៅអ៊ីស្រាអែល ព្រឹត្តិការណ៍ថ្ងៃ០៧ តុលា ឆ្លុះបញ្ជាំងអត្ថន័យអត្ថិភាព ដោយបានរំលឹកឡើងវិញនូវការសម្លាប់រង្គាលក្នុងសង្រ្គាមលោកលើកទី២នៅទ្វីបអឺរ៉ុបនៃសតវត្សកន្លងមក។

លោក ហេន ម៉ាហ្ស៊ីក (Hen Mazzig) មន្ត្រីជាន់ខ្ពស់នៅវិទ្យាស្ថាន តែលអាវីវ (Tel Aviv) ដែលជាក្រុមតស៊ូមតិគាំទ្រអ៊ីស្រាអែល បាននិយាយថា “អ៊ីស្រាអែល នៅតែមានរបួសផ្លូវចិត្ត ហើយមិនទាន់អាចឆ្លងកាត់ទុក្ខសោកបានពេញលេញ និងមិនទាន់ធ្វើចិត្តបានលើអ្វីដែលកើតឡើងនៅថ្ងៃទី០៧ តុលា”។

គួររម្លឹកថា ខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃ០៧ តុលា ២០២៣ បានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ក្នុងអំឡុងពេលការវាយឆ្មក់តាមសហគមន៍នានានៅភាគខាងត្បូងអ៊ីស្រាអែល និងបានចាប់ខ្លួនមនុស្សប្រហែល ២៥០នាក់ចូលទៅហ្កាហ្សា នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល ដែលជាការបាត់បង់ជីវិតដ៏អាក្រក់បំផុតសម្រាប់ជនជាតិជ្វីហ្វ ចាប់តាំងពីការសម្លាប់រង្គាលរបស់ពួកណាហ្ស៊ី។
យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ការឆ្លើយតបរបស់អ៊ីស្រាអែល ដែលមានបំណងលុបបំបាត់ក្រុមហាម៉ាស ធ្វើឱ្យមានអ្នកស្លាប់នៅហ្កាហ្សាជិត ៤២.០០០នាក់ ហើយប្រជាជនជិត ២,៣លាននាក់ត្រូវរត់ភៀសខ្លួន៕