រដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូ មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចូលរួមនៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍នៅថ្ងៃអង្គារ ទី៨ ខែតុលានេះ ខណៈអ្នកការទូតជាន់ខ្ពស់របស់ប្រទេសឡាវ បានគូសបញ្ជាក់អំពី «កិច្ចខិតខំប្រឹងប្រែងរួមគ្នា» របស់តំបន់នេះគឺជាតម្រូវការចាំបាច់ ក្នុងស្ថានភាពភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ន។

លោក Saleumxay Kommasith បាននិយាយនៅក្នុងសុន្ទរកថាបើករបស់លោក នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន១០ប្រទេសនៅក្នុងប្រទេសឡាវថា «កិច្ចប្រជុំរបស់យើង ត្រូវបានធ្វើឡើងក្នុងពេលដែលតំបន់ និងពិភពលោក បន្តប្រឈមមុខជាមួយនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស និងទិដ្ឋភាពភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដ៏ស្មុគស្មាញ ដែលបង្ហាញទាំងឱកាសនិងបញ្ហាប្រឈមជាច្រើន។

សហភាពមីយ៉ាន់ម៉ា បានបញ្ជូនរដ្ឋមន្ត្រីអចិន្ត្រៃយ៍របស់ក្រសួងការបរទេសលោក Aung Kyaw Moe ទៅចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកតំណាង ទោះបីជាមេដឹកនាំរបបយោធា ត្រូវបានហាមឃាត់ពីការជួបប្រជុំនៅក្នុងប្លុកនេះក៏ដោយ។
អាស៊ាន នៅតែបន្តរារាំងមិនឲ្យចូលចំពោះមេដឹកនាំរបបយោធាក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ជុំវិញការខកខានរបស់សហភាពក្នុងការអនុវត្តន៍តាមផែនការសន្តិភាព ដែលពួកគេបានព្រមព្រៀងកាលពីពេលដំបូង ដែលបានជំរុញឱ្យមានការលំបាលដល់ប្រទេសភាគច្រើននៅក្នុងប្លុកនេះ។