បាល់ទាត់៖ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា ខ្សែប្រយុទ្ធអេស្ប៉ាញ និងក្រុម Atletico Mineiro កីឡាករ Diego Costa គឺជាគោលដៅមួយនៅក្នុងប្រតិបត្តិការរបស់ប៉ូលិសដើម្បី “ស្វែងរកភស្តុតាងនៃការចោទប្រកាន់ថា បានធ្វើអាជីវកម្មលាងលុយកខ្វក់ ការលួចបន្លំប្រាក់បរទេស និងការរៀបចំឧក្រិដ្ឋកម្ម” តាមរយៈគេហទំព័រភ្នាល់។

ប៉ូលិសប្រេស៊ីលកំពុងដំណើរការប្រតិបត្តិការដំណាក់កាលទី២ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយថា ពួកគេកំណត់អត្តសញ្ញាណទំរង់ភ្នាល់ដែលប្រើដោយក្រុមហ៊ុននីមួយៗ ក៏ដូចជានីតិបុគ្គលដែលត្រូវបានប្រើសម្រាប់ការលាងលុយកខ្វក់ និងការលួចបន្លំប្តូរប្រាក់បរទេសដោយបន្ថែមថា “កីឡាករបាល់ទាត់ម្នាក់ត្រូវបានសន្មតថា ជាអ្នកផ្តល់ហិរញ្ញប្បទាននៃគ្រោងការណ៍ឧក្រិដ្ឋកម្ម”។ គេហទំព័រក្នុងស្រុក Ge.com បានកំណត់អត្តសញ្ញាណ Diego Costa ថាជាកីឡាករដែលពាក់ព័ន្ធ។
ដីកាចាប់ខ្លួនរបស់ប៉ូលិសត្រូវបានចេញសម្រាប់ទីក្រុងមួយចំនួនរួមទាំងទីក្រុង Lagarto នៅរដ្ឋ Sergipe ដែលជាស្រុកកំណើតរបស់ Costa ប៉ុន្តែមិនមែនទៅ Belo Horizonte ដែលគាត់រស់នៅឥឡូវនេះទេ។ ទាំង Diego Costa និងក្លឹបរបស់គេគឺក្រុម Atletico Mineiro មិនបានចេញសេចក្ដីថ្លែងការណ៍ណាមួយឡើយដើម្បីឆ្លើយតបនឹងរឿងនេះ៕
អត្ថបទ៖នាង សុភាវុធ