ក្រុមអ្នកកាន់ទុក្ខ និងមេដឹកនាំជុំវិញពិភពលោកកាលពីថ្ងៃចន្ទ ទី ៧ ខែតុលា បានបង្ហាញភាពភ័យរន្ធត់ និងបំណងប្រាថ្នាចង់បានសន្តិភាពនៅឯពិធីរំឭកវិញ្ញាណដ៏ខ្លោចផ្សាពីការវាយប្រហារមិនធ្លាប់កាលពីថ្ងៃទី៧តុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមដ៏មហន្តរាយពេញមួយឆ្នាំនៅហ្កាហ្សា។

ប្រជាជនចាប់ពីទីក្រុងស៊ីដនី ដល់ទីក្រុងរ៉ូម និងវ៉ាសូវី រហូតដល់ទីក្រុងវ៉ាស៊ីនតោន បានសម្ដែងការសោកសៅចំពោះអ្នកដែលត្រូវបានសម្លាប់ និងបានជំរុញឱ្យមានការដោះលែងអ្នកដែលត្រូវបានចាប់ជាចំណាប់ខ្មាំងកាលពីមួយឆ្នាំមុន ខណៈការប្រមូលផ្តុំទូទាំងពិភពលោកក៏បានអំពាវនាវឱ្យមានសន្តិភាពក្នុងដែនដីប៉ាឡេស្ទីនផងដែរ។

លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតជាថ្មី ។
រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ ណូអែល បារ៉ុត (Jean-Noel Barrot) នៅក្នុងសន្និសីទមួយក្នុងទីក្រុង Jerusalem បានគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស។

អធិការបតីអាល្លឺម៉ង់លោកOlaf Scholz នៅក្នុងពិធីមួយនៅទីក្រុង Hamburg បាននិយាយថា យើងនៅតែតក់ស្លុត ហើយក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងពេលឆាប់ៗនេះ ដែលពាក់ព័ន្ធនឹងការដោះលែងចំណាប់ខ្មាំងផងដែរ ។
ប៉ុន្តែលោកប្រធានាធិបតីទួរគី Recep Tayyip Erdogan ពុំបានប្រារព្ធពិធីនេះទេ ហើយជំនួសមកវិញនូវកំហឹងប្រឆាំងនឹងអ៊ីស្រាអែល។
នៅប្រទេសអេស្ប៉ាញ គ្រួសារចំណាប់ខ្មាំង និងអ្នករស់រានមានជីវិតបានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជាច្រើននាក់ក្នុងការវាយប្រហារនោះ។

ការតវ៉ាគាំទ្រប៉ាឡេស្ទីនត្រូវបានធ្វើឡើងជុំវិញពិភពលោក រួមទាំងក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ប៉ាគីស្ថាន យេម៉ែន ទ្វីបអឺរ៉ុប និងអាមេរិកឡាទីន ហើយការតវ៉ាខ្លះក៏មានការប៉ះទង្គិចគ្នាផងដែរ៕