រដ្ឋមន្ត្រីការបរទេសប្រទេសហៃទីកាលពីថ្ងៃចន្ទបានរិះគន់ និងថ្កោលទោសគោលនយោបាយដែលបានប្រកាសកាលពីសប្តាហ៍មុនដោយសាធារណរដ្ឋដូមីនីក ជាប្រទេសជិតខាង ក្នុងការនិរទេសជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ត្រឡប់ទៅប្រទេសហៃទីវិញ ជាទីដែលអំពើហិង្សារបស់ក្រុមជនអន្ធពាលកំពុងជំរុញឱ្យមានវិបត្តិមនុស្សធម៌ដ៏មហន្តរាយ។

រដ្ឋមន្ត្រីការបរទេសហៃទី លោក ដូមីនីក ឌូពុយ (Dominique Dupuy) បាននិយាយលើបណ្ដាញសង្គម X ថា ឈុតឆាកដ៏ឃោរឃៅនៃការបង្រួបបង្រួម និងការនិរទេស ដែលយើងកំពុងមើលឃើញ គឺជាការប្រមាថដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទាំងនេះ ហើយទាមទារការគោរព និងយុត្តិធម៌។

សាធារណរដ្ឋដូមីនីក ដែលនៅជាប់គ្នាជាមួយប្រទេសហៃទីក្នុងតំបន់សមុទ្រការ៉ាអ៊ីប កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងនិរទេសជនអន្តោប្រវេសន៍ហៃទីរហូតដល់១០.០០០នាក់ ក្នុងមួយសប្តាហ៍ សម្រាប់អ្នកដែលស្ថិតនៅក្នុងប្រទេសនេះដោយខុសច្បាប់ ខណៈមានការកើនឡើងយ៉ាងខ្លាំង។

ទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា រហូតមកដល់ខែនេះ សាធារណរដ្ឋដូមីនីក បាននិរទេសមនុស្សជាង៩.០០០នាក់ ក្នុងនោះមានជាង៧.០០០នាក់ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក។
ទីភ្នាក់ងាររបស់សាធារណរដ្ឋដីមីនីក បាននិយាយថា ខ្លួនកំពុងអនុវត្តការនិរទេស ខណៈគោរពសិទ្ធិមនុស្ស។
អង្គការសហប្រជាជាតិបានស្នើឱ្យប្រទេសក្នុងតំបន់បញ្ឈប់ការនិរទេសជនជាតិហៃទីទៅប្រទេសកំណើតពួកគេវិញទាំងក្នុងស្ថានភាពគ្រោះថ្នាក់៕