ដោយសារឥទ្ធិពលក្រោយខ្យល់ព្យុះសង្ឃរា ហេលេន ( Helene) បន្តវាប្រហារផ្នែកជាច្រើននៃភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក កិច្ចប្រឹងប្រែងសង្គ្រោះត្រូវបានរារាំងដោយការខូចខាតយ៉ាងទូលំទូលាយ។ អ្នកស្រុកជាច្រើននៅទីក្រុង អាស្វីល (Asheville) នៃរដ្ឋ ណស ខារ៉ូឡាញណា (North Carolina) របស់សហរដ្ឋអាមេរិក រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះមួយនេះ ហើយបានត្អូញត្អែរពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដ៏យឺតយ៉ាវរបស់រដ្ឋាភិបាល និងផលលំបាកក្នុងការរស់នៅ បន្ទាប់ពីគ្រោះមហន្តរាយ។

រហូតមកទល់ពេលនេះ មនុស្សជាង ២៣០នាក់បានស្លាប់ដោយសារការបំផ្លិចបំផ្លាញដែលបង្កឡើងដោយព្យុះ Helene ខណៈមនុស្សជាច្រើននាក់នៅតែបាត់ខ្លួន ហើយអាជ្ញាធរគ្រាអាសន្នក្នុងតំបន់បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

បន្ទាប់ពីគ្រោះមហន្តរាយ សហគមន៍មូលដ្ឋាន រួមជាមួយនឹងអង្គការមកពីរដ្ឋផ្សេងទៀត បានរៀបចំផ្តល់ជំនួយជាសម្ភារៈដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្រុង Asheville ។ រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយនៅរដ្ឋ North Carolina ប៉ុន្តែជំនួយរបស់សហព័ន្ធមិនទាន់ទៅដល់នៅឡើយទេ ដែលធ្វើឱ្យអ្នកស្រុកជាច្រើនព្រួយបារម្ភពីការសាងសង់លំនៅឋានរបស់ពួកគេឡើងវិញ។

ការងារសម្អាត និងជួសជុលនៅតែដំណើរការ មួយសប្តាហ៍បន្ទាប់ពីព្យុះសង្ឃរាបានបំផ្លិចបំផ្លាញនៅក្នុងតំបន់ ប៊ុនខូមបេ (Buncombe) ហើយចរាចរណ៍នៅលើផ្លូវធំបានបន្តឡើងវិញជាបណ្ដើរៗ។ បើទោះបីជាមួយសប្តាហ៍បានកន្លងផុតទៅហើយក្តី ប៉ុន្តែកង្វះខាតទឹក និងដាច់ចរន្តអគ្គិសនីនៅតែបន្តធ្វើឱ្យវិបត្តិអ្នកស្រុកកាន់តែធ្ងន់ធ្ងរ៕