
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើដល់លោក ជូរិន ឡាក់សាណាវីសិត(Jurin Laksanawisit )ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃ ឲ្យជួយសម្រួលក្នុងការកាត់បន្ថយបែបបទឯកសារមិនចាំបាច់ ដើម្បីពន្លឿនបញ្ហាការកកស្ទះទំនិញតាមច្រកព្រំដែនឲ្យបានលឿន និងងាយស្រួលជាងមុន ខណៈទំនិញកសិផលរបស់កម្ពុជាខ្លះលំដាកក្នុងការនាំចូលនោះ។
នៅក្នុងកិច្ចជំនួបជាមួយ លោក ជូរិន ឡាក់សាណាវីសិត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃចំនួន ៣ចំណុច ជូនទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ មានដូចខាងក្រោម៖ ទី១. ការកាត់បន្ថយបែបបទឯកសារមិនចាំបាច់ ក្នុងការពន្លឿនបញ្ហាការកកស្ទះទំនិញ តាមច្រកព្រំដែនឲ្យបាន លឿន និងងាយស្រួលជាងមុន។ ទី២. ជួយពន្លឿនការបើកច្រកព្រំដែនអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-ណងអៀន ដើម្បីឲ្យការផ្ទេរចរាចរទៅផ្លូវផ្សេងទៀតកាន់តែមានភាពងាយស្រួល។ និងទី៣. ជួយសម្រួលការនាំចូល និងការនាំចេញផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសពន្លឿនការ ចរចា និងអនុម័តឯកសារភូតគាមអនាម័យ (SPS - Sanitary and Phytosanitary)ជាដើមនោះ។
ក្រោយពីមានសំណើរបស់ទីប្រឹក្សាផ្ទាល់ របស់សម្តេចតេជោហ៊ុនសែនលោក ជូរិន ឡាក់សាណាវីសិត បានលើកឡើងថា លោកនឹងពាំនាំនូវសំណើនេះទៅកាន់នាយករដ្ឋមន្រ្តីធ្វើការពិនិត្យ និងសម្រេចឲ្យ បានឆាប់រហ័សដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរ ដែលជាប្រទេសភូមិផងរបងតែមួយនោះ។
លោក ជូរិន ឡាក់សាណាវីសិត ទាក់ទងនឹងការបើកច្រកព្រំដែនស្ទឹងបត់ឡើងវិញនេះគឺលោកមានទស្សនៈស្របគ្នា ហើយលោកសន្យានឹងនាំយកសំណើទាំង៣ ទៅជម្រាបជូននាយករដ្ឋមន្ត្រីថៃធ្វើការពិនិត្យ សម្រេចក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន និងបានស្នើកម្ពុជាជួយផ្សព្វផ្សាយអំពីផលិតផលថៃជាង ២២០ មុននៅលើគេហទំព័រ របស់ក្រសួងពាណិជ្ជកម្មថៃឈ្មោះ klangthai.com ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ជូរិន ឡាក់សាណាវីសិត ក៏បានចែករំលែកបទពិសោធន៍ និងបង្ហាញពីការចំណាប់អារម្មណ៍មកលើសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាក្នុងនាម លោក ធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃថា កម្ពុជាជាប្រទេសដ៏អស្ចារ្យ ដែលមានសក្តានុពលទេសចរណ៍ ដ៏សម្បូរបែប ផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ក្នុងការស្រូបទាញវិនិយោគិនបរទេស មកវិនិយោគលើសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត ឲ្យស្របទៅនឹងនិន្នាការទេសចរក្នុងអំឡុង ប្រក្រតីភាព នៃគន្លងថ្មីទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជូរិន ឡាក់ សាណាវីសិត ក៏បានកោតសរសើរពីវីរភាពរបស់សម្តេចតេជោក្នុងការដឹកនាំប្រទេសកម្ពុជា ពីចំណុចសូន្យរហូតមកមានកិត្តិយស និងសិទ្ធិស្មើភាពគ្នាជាមួយប្រទេសនានាលើឆាកអន្តរជាតិ ព្រមទាំងបានផ្តាំសួរសុខទុក្ខ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ផងដែរ៕ អត្ថបទ៖ បាន ចក់





