បណ្ដាមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងជួបប្រជុំគ្នានៅប្រទេសឡាវ ក្នុងសប្តាហ៍នេះ ខណៈដែលសង្គ្រាមស៊ីវិលរបស់សហភាពមីយ៉ាន់ម៉ា និងកំណើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ជាការសាកល្បងនៃភាពពាក់ព័ន្ធ និងការចូលរួមរបស់អាស៊ាន ខណៈប្លុកនេះកំពុងប្រឈមនឹងភាពចុះខ្សោយនៃតួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងកិច្ចការតំបន់។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន មានសមាជិក ១០ប្រទេស និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ហើយបានបង្កើតរចនាសម្ព័ន្ធ និងដំណើរការនយោបាយដ៏ស្មុគស្មាញ ដែលបានបើកដំណើរការយ៉ាងទូលំទូលាយនូវកិច្ចសហប្រតិបត្តិការសន្តិភាពនៅក្នុងតំបន់ ដែលមានប្រជាជនជាង ៦៨៥លាននាក់មួយនេះ។

ប៉ុន្តែអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ម៉ាទី ណាតាលេហ្កាវ៉ា (Marty Natalegawa) បាននិយាយថា ភាពអសមត្ថភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាលំបាកឱ្យបានឆាប់រហ័ស អាចឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នាកាន់តែស៊ីជម្រៅដែលកើតឡើងនៅក្នុងប្លុកក្នុងតំបន់។

ជម្លោះនៅមីយ៉ាន់ម៉ា នឹងជាប្រធានបទសំខាន់ក្នុងរបៀបវារៈ នៅពេលមេដឹកនាំអាស៊ាន ជួបប្រជុំនៅថ្ងៃពុធ (០៩ តុលា) ស្អែកនេះ ខណៈកិច្ចខិតខំប្រឹងប្រែងជាង ៣ឆ្នាំដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិ មិនទទួលបានផល។
កិច្ចប្រជុំនៅប្រទេសឡាវនោះនឹងត្រូវបន្តដោយកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៃមេដឹកនាំ និងប្រមុខការទូតមកពីប្រទេសផ្សេងៗ រួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ចិន និងរុស្ស៊ី ជុំវិញក្ដីបារម្ភនៃកំណើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន ហើយថ្មីៗនេះជាមួយវៀតណាម៕