យោធាអ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃចន្ទ (០៧ តុលា) ថា កងកម្លាំងរុស្ស៊ី បានវាយរុលចូលទៅដល់ជាយក្រុងជួរមុខភាគខាងកើតអ៊ុយក្រែន គឺទីក្រុង ថូរ៉េត (Toretsk) តិចជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការដួលរលំនៃបន្ទាយទ័ពក្រុង វូឡេដា (Vuhledar)។

លោកស្រី អាណាស្តេសៀ បូបូវនីកូវ៉ា (Anastasiia Bobovnikova) អ្នកនាំពាក្យនៃក្រុមប្រតិបត្តិការយុទ្ធសាស្ត្រ “លូហាន” (Luhansk) បានប្រាប់ទូរទស្សន៍ជាតិអ៊ុយក្រែនថា “ស្ថានការណ៍មិនស្ថិតស្ថេរនោះទេ ការប្រយុទ្ធគ្នាកំពុងកើតឡើងយ៉ាងខ្លាំងក្លានៅគ្រប់ច្រកចូលទៅកាន់ទីក្រុង។ ពេលនេះ កងកម្លាំងរុស្ស៊ី បានចូលទៅក្នុងជាយក្រុងភាគខាងកើត”។

មិនមានការអត្ថាធិប្បាយភ្លាមៗទេពីក្រសួងការពារជាតិរុស្ស៊ី ខណៈបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានបង្កការខូចខាតដល់កម្លាំងទាហាន និងគ្រឿងយុទ្ធោបករណ៍នៅជិតទីតាំងឈរជើងជាច្រើនកន្លែងរបស់អ៊ុយក្រែននៅក្នុងតំបន់ រួមទាំងនៅជិតទីក្រុង Toretsk។
អ្នកសរសេរប្លុកយោធារុស្ស៊ី រួមទាំងក្រុមអ្នកវិភាគយោធាដែលគ្រប់គ្រងបណ្ដាញតេលេក្រាម រ៉ាយបា (Rybar) ដ៏លេចធ្លោ បាននិយាយថា កងទ័ពរុស្ស៊ី បន្តវាយឆ្ពោះទៅកាន់កណ្តាលទីក្រុងនោះ៕