ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់មួយនៅមជ្ឈិមបូព៌ា ដោយប្រកាសថា វាជា«មធ្យោបាយតែមួយគត់»ក្នុងការធានាដល់ការដោះលែងចំណាប់ថ្នូរ និងកាត់បន្ថយស្ថានភាព«ដ៏គ្រោះថ្នាក់»នៅទីនោះ។

ដោយរំលឹកខួបមួយឆ្នាំនៃជម្លោះតំបន់ហ្កាហ្សាបច្ចុប្បន្ន លោក បូរ៉ែល បានសង្កត់ធ្ងន់លើការគំរាមកំហែងជាសកលដែលបង្កឡើងដោយអំពើហិង្សាដែលកំពុងបន្ត ដោយសន្យាថា នឹងធ្វើការជាមួយដៃគូអន្តរជាតិឆ្ពោះទៅរកបទឈប់បាញ់មួយ។ លោកបាននិយាយថា៖«ប្រជាជននៅក្នុងតំបន់មានភាពអសន្តិសុខជាងពេលណាៗទាំងអស់ ហើយត្រូវបានជាប់នៅក្នុងវដ្តនៃអំពើហិង្សា ការស្អប់ និងការសងសឹកដែលមិនចេះ ចប់។

លោក បានគូសបញ្ជាក់ពីចំនួនអ្នកស្លាប់ដ៏សាហាវនៃជម្លោះនេះ ដោយកត់សម្គាល់ថា មនុស្សជាង ៤១.000នាក់ ភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ ខណៈដែលប្រជាជនហ្កាហ្សាភាគច្រើន ត្រូវបាន ជម្លៀស ដោយផ្នែកដ៏ធំនៃដែនដីនេះ ត្រូវបានគ្របដណ្តប់ដោយកម្ទេចថ្ម ដោយការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា។ ប្រជាជនកំពុងទទួលរងនូវភាពស្រេកឃ្លាន និងជំងឺ ខណៈដែលអ៊ីស្រាអែលបន្តការឡោមព័ទ្ធតំបន់ហ្កាហ្សាស្ទ្រីប។
លោកបានបន្ថែមថា៖ «ស្លាកស្នាមបានកាន់តែជ្រៅទៅ ហើយប្រជាជនប៉ាឡេស្ទីនមិនអាចមើលឃើញអនាគតណាមួយបានទេ ប្រសិនបើសិទ្ធិរបស់ពួកគេ មិនត្រូវបានគោរពនោះ»។