ប្រធានាធិបតីប្រទេសប៉ាគីស្ថាន លោក Asif Ali Zardari កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្មលើក្បួនរថយន្តជនជាតិចិន នៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងរបស់ប្រទេស កាលពីយប់ថ្ងៃអាទិត្យដោយបាននិយាយថា ជាក្រុមប្រឆាំងរដ្ឋ ដែលប៉ុនប៉ងបំផ្លាញវឌ្ឍនភាព និងវិបុលភាព របស់ប្រទេសប៉ាគីស្ថាន។

យោងតាមរដ្ឋាភិបាលប៉ាគីស្ថាន បានឲ្យដឹងថា ជនជាតិចិនពីរនាក់បានស្លាប់ និងជាង១០នាក់ទៀត បានរងរបួស រួមមានទាំងបុគ្គលិកសន្តិសុខចិន និងប៉ាគីស្ថានផងដែរ នៅក្នុងការបំផ្ទុះមួយដែលបានកើតឡើងនៅលើផ្លូវនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi រដ្ឋធានីនៃខេត្ត Sindh ភាគខាងត្បូងរបស់ប្រទេស។

ដោយសម្តែងការសោកស្ដាយចំពោះការសម្លាប់ជនជាតិចិន ប្រធានាធិបតីប៉ាគីស្ថាន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិត និងបានជូនពរឲ្យអ្នករងរបួសឆាប់ជាសះស្បើយ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតភ្លាមៗកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត និងនាំពួកគេមកកាត់ទោស ហើយប្រទេសប៉ាគីស្ថាន ប្រកាន់ជំហរការពារពលជនជាតិចិន។
ក្រសួងការបរទេសប៉ាគីស្ថាន ក៏បានចេញសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសការវាយប្រហារដោយសង្កត់ធ្ងន់ថា សកម្មភាពភេរវកម្មដ៏គួរឱ្យស្អប់ខ្ពើម គឺជាការវាយប្រហារមិនត្រឹមតែលើប៉ាគីស្ថានប៉ុណ្ណោះទេ ថែមទាំងលើទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសប៉ាគីស្ថាន និងចិន ផងដែរ។