បាល់ទាត់៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានចាកចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីទទួលការវះកាត់ជោគជ័យក្នុងការយកដុំគីសនៅក្នុងពោះវៀន។ បុរសវ័យ ៨០ឆ្នាំរូបនេះបានទទួលការព្យាបាលនៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo តាំងពីថ្ងៃទី៣១ ខែសីហា និងវះកាត់នៅថ្ងៃទី៤ ខែកញ្ញាម្ល៉េះ។

Pele ដែលជាកីឡាករបាល់ទាត់តែម្នាក់គត់ដែលឈ្នះពាន World Cup ៣លើកនោះស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល ១០ថ្ងៃឯណោះបន្ទាប់ពីវះកាត់ជោគជ័យ។ យ៉ាងណាក្តីក្រុមគ្រូពេទ្យបានបញ្ជាក់ថា ស្ថានភាពជំងឺលោក Pele ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បន្តទៀត ថ្វីបើលោកបានចាកចេញពីមន្ទីរពេទ្យក្តី។ រំលឹកថា លោក Pele ប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺលោកក៏ធ្លាប់ទទួលការវះកាត់ក្រពេញប្រូស្តាតកាលពីឆ្នាំ២០១៥ និងកាលពីឆ្នាំ២០១៩ លោកបានទទួលការព្យាបាលតម្រងនោម។ Pele គឺជាអ្នកដែលស៊ុតបញ្ចូលទីច្រើនបំផុតរបស់ប្រេស៊ីលសរុប ៧៧គ្រាប់ក្នុងការបង្ហាញខ្លួន ៩២លើក និងជាមនុស្សម្នាក់ក្នុងចំណោម ៤នាក់ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៤លើក៕
អត្ថបទ៖នាង សុភាវុធ