កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេសចំនួន៤ ផ្សេងទៀត កាលពីថ្ងៃចន្ទ (០៧ តុលា) បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅឆ្នេរសមុទ្រនៃកោះ លូហ្សូន (Luzon) ភាគខាងជើងរបស់ហ្វីលីពីន ដែលទល់មុខនឹងកោះតៃវ៉ាន់ ក្នុងការបង្ហាញកម្លាំងទ័ពជើងទឹក ស្របពេលមានភាពតានតឹងកើនឡើងជាមួយចិន ហើយក្នុងពេលដែលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ចុះហត្ថលេខាលើច្បាប់ជំរុញវិស័យការពារជាតិមួយនៅថ្ងៃអង្គារ (០៨ តុលា) នេះ។
សមយុទ្ធរយៈពេល ៩ថ្ងៃនៅឆ្នាំនេះមានឈ្មោះថា “សាម៉ា សាម៉ា” (Sama Sama) ដែលមានន័យថារួបរួមគ្នា ដោយមាននាវិក និងបុគ្គលិកជិតមួយពាន់នាក់មកពីអូស្ត្រាលី កាណាដា បារាំង ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន គឺជាសមយុទ្ធកម្លាំងខ្លាំងផ្តោតលើការប្រឆាំងនាវាមុជទឹក និងប្រឆាំងសង្គ្រាមលើផ្ទៃទឹក និងដែនអាកាស។
ឧត្តមនាវីឯករបស់កងទ័ពជើងទឹកអាមេរិក លោក ថត ស៊ីមីខាតា (Todd Cimicata) បានប្រាប់អ្នកយកព័ត៌មាននៅភាគខាងលិចទីក្រុងម៉ានីលថា នោះជាការកសាងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ដោយបង្កើតនូវ “ឥទ្ធិពលរារាំង” ដោយបន្ថែមថា សមយុទ្ធនេះមិនសំដៅលើប្រទេសណាមួយទេ។
ការហ្វឹកហ្វឺនយោធានេះបានកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីយោធាចិនបាននិយាយថា កងកម្លាំងដែនអាកាស និងកងទ័ពជើងទឹករបស់ខ្លួនបានធ្វើសមយុទ្ធនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង ខណៈភាពតានតឹងនៅក្នុងផ្លូវទឹកពាណិជ្ជកម្មដ៏មមាញឹកនោះមិនអន់ថយ៕