អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល នៅថ្ងៃអង្គារ (០៨ តុលា) ប្រឆាំងនឹងការវាយប្រហារណាមួយលើទីក្រុងតេអេរ៉ង់ រយៈពេលមួយសប្តាហ៍បន្ទាប់ពីសាធារណរដ្ឋអ៊ិស្លាមមួយនេះ បានបាញ់មីស៊ីលលើអ៊ីស្រាអែល ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា កាន់តែក្ដៅគគុក។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araqchi) បានព្រមានថា ការវាយប្រហារណាមួយលើអ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបដោយការសងសឹកយ៉ាងខ្លាំងក្លា។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែល បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារដដែលនេះថា ខ្លួនបានដាក់សម្ពាធបន្ថែមទៀតលើក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសលីបង់ ដោយបានកម្ចាត់មេបញ្ជាការនៃទីស្នាក់ការកណ្តាលរបស់ហេសបូឡា និងបានចាប់ផ្ដើមប្រតិបត្តិការជើងគោកនៅភាគនិរតីលីបង់ ដោយពង្រីកការវាយលុករបស់ខ្លួនដល់តំបន់ថ្មី។
ប្រសិនបើមានការបញ្ជាក់ជាផ្លូវការ ការស្លាប់របស់មេបញ្ជាការ លោក ស៊ូហែល ហូសេន ហ៊ូសេនី (Suhail Hussein Husseini) នឹងជាលទ្ធផលនៃយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល ក្នុងការវាយលុកលើថ្នាក់មេដឹកនាំហេសបូឡា រួមទាំងក្រុមហាម៉ាស ដែលបានប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា អស់រយៈពេលមួយឆ្នាំ។
ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងកើនឡើងកាន់តែក្ដៅគគុក បន្ទាប់ពីសង្គ្រាមស្រមោលជាច្រើនឆ្នាំ ហើយការធ្វើឃាតជាច្រើនបានប្រែក្លាយទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ អ៊ីស្រាអែល បានថ្លឹងថ្លែងជម្រើសក្នុងការឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់ក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន ដែលជាការឆ្លើយតបនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅលីបង់៕