ប្រទេសចិន បានយល់ព្រមផ្តល់សម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តមនុស្សធម៌បន្ទាន់ដល់ប្រទេសលីបង់ តាមសំណើរបស់រដ្ឋាភិបាលលីបង់។ នេះបើយោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) នៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារជំនួយបរទេសផ្លូវការរបស់ប្រទេសចិន ដែលជាទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងផ្តល់សម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ដល់ប្រទេសលីបង់ នៅពេលដែលការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងហេសបូឡា កាន់តែខ្លាំងឡើងនោះ។
លោក Li Ming អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលការប្រយុទ្ធ បានកើនឡើងនាពេលថ្មីៗនេះ ការផ្ទុះជាច្រើន និងការវាយប្រហារតាមអាកាស «បានកើតឡើង នៅកន្លែងជាច្រើន ក្នុងប្រទេសលីបង់ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន»។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«តាមសំណើរបស់រដ្ឋាភិបាលលីបង់ រដ្ឋាភិបាលចិន បានសម្រេចចិត្ត ផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រមនុស្សធម៌សង្គ្រោះបន្ទាន់ ដល់ប្រទេសលីបង់ ដើម្បីជួយប្រទេសលីបង់ធ្វើការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត»។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា រហូតមកដល់ពេលនេះ មនុស្សជាង២.០០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេស ក្នុងនោះមានកុមារ ១២៧នាក់ និងស្ត្រី២៦១នាក់។