ភ្នំពេញ៖ សម្តេចតេជោ មានប្រសាសន៍ថា ប្រទេសកំពុងអភិវឌ្ឍន៍ តែងតែជាមុខព្រួញនៃការដាក់ទណ្ឌកម្ម នៅពេលដែលអនុវត្តមិនស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍។ ការលើកឡើងរបស់សម្តេចតេជោនៅបែបនេះ ធ្វើឡើងនៅក្នុងសុន្ទរកថារបស់សម្តេច ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
សម្តេចតេជោ បានបញ្ជាក់ថា ជំនួសការទទួលបានការគាំទ្រ, ជារឿយៗ ប្រទេសកំពុងអភិវឌ្ឍន៍ តែងត្រូវបានប្រែក្លាយជា មុខព្រួញនៃការដាក់ទណ្ឌកម្ម ចំពោះកិច្ចដំណើរការប្រឹងប្រែងកសាងជាតិរបស់ខ្លួន ដែលមិនបានល្អឥតខ្ចោះស្របតាមស្តង់ដាររបស់ប្រទេសអភិវឌ្ឍន៍ ខណៈដែលសមត្ថភាពប្រទេសទន់ខ្សោយទាំងនោះនៅមានការខ្វះខាត ក្នុងកិច្ចការពារសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សិទ្ធិទទួលបានសន្តិភាព, សិទ្ធិរស់-រានមានជីវិត, សិទ្ធិទទួលបានអាហារ, ទីជម្រក និង ការងារ ជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទង្វើនេះថា ជាមូលហេតុមួយដែលចូលរួមចំណែកក្នុងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់កិច្ចប្រឹងប្រែងស្តារ និងអភិវឌ្ឍជាតិរបស់ប្រទេសក្រីក្រ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ប្រសិនបើសម្លឹងមើលទៅអនាគត, សហគមន៍អន្តរជាតិ ពិតជាទាមទារចង់បានអង្គការសហប្រជាជាតិដ៏រឹងមាំមួយ ដែលមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយគ្រប់បញ្ហាប្រឈមដែលកើតមាននៅក្នុងតថភាពនៃសតវត្សទី ២១ ដោយសម្តេចលើកឡើងថា កម្ពុជាទទួលស្គាល់តួនាទីស្នូលនៃប្រព័ន្ធពហុភាគី-និយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកលដ៏ស្មុគស្មាញដែលកំពុងជួបប្រទះនាបច្ចុប្បន្ននេះ។
យ៉ាងណាក្តី សម្តេច សង្ឃឹមថា តាមរយៈការគោរពធម្មនុញ្ញអង្គការសហប្រជាតិ, តម្លាភាព, សាមគ្គីភាព, កិច្ចសហប្រតិបត្តិការ និងការ-ចូលរួមជាមួយគ្នាជាធ្លុងមួយ, សហគមន៍អន្តរជាតិពិតជានឹងអាចសម្រេចបាននូវអនាគតមួយដែលយើងទាំងអស់គ្នាចង់បាន និង អង្គការសហប្រជាជាតិមួយដែលពិភពលោកទាំងមូលត្រូវការ៕
អត្ថបទ៖ ជា ធីរិទ្ធ
