ប្រភពការទូតមួយ បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារ (ទី៨ ខែតុលា)នេះថា ប្រទេសមីយ៉ាន់ម៉ា នឹងបញ្ជូនអ្នកតំណាងទៅចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់មួយ ក្នុងសប្តាហ៍នេះ ជាលើកដំបូងក្នុងរយៈពេល បីឆ្នាំ។
ជម្លោះនេះ នឹងស្ថិតនៅក្នុងរបៀបវារៈកំពូល នៅពេលដែលមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជួបប្រជុំគ្នា នៅប្រទេសឡាវនៅថ្ងៃពុធ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងជាងបីឆ្នាំ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនេះ មិនបានទទួលលទ្ធផលក៏ដោយ។
អាស៊ាន បានរារាំងមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាពីការចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ហើយជំនួសមកវិញ ក្រុមឧត្តមសេនីយ៍ បានបដិសេធមិនបញ្ជូន«អ្នកតំណាងមិនពាក់ព័ន្ធនយោបាយ»។
អ្នកការទូតអាស៊ីអាគ្នេយ៍ដែលចូលរួមក្នុងកិច្ចប្រជុំនោះ បានប្រាប់សារព័ត៌មាន AFPថា ប្រទេសមីយ៉ាន់ម៉ា ដែលជារដ្ឋសមាជិកអាស៊ានមួយក្នុងចំណោមប្រទេសទាំង១០ បានបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូប ជាអ្នកតំណាងរបស់ខ្លួន ទៅចូលរួមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅទីក្រុងវៀងចន្ទន៍។
រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការដណ្តើមអំណាចបានមក របបយោធា បានយល់ព្រមលើផែនការ «ព្រមព្រៀង ៥ចំណុច» ដែលមានបំណងស្តារសន្តិភាពឡើងវិញ ប៉ុន្តែមិនអើពើនឹងផែនការនេះទេ ហើយបានបន្តការបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំង និងការប្រឆាំងដោយប្រដាប់អាវុធចំពោះការគ្រប់គ្រងរបស់ខ្លួន។