តម្លៃប្រេងបានហក់ឡើងលើសពី ៨០ដុល្លារ កាលពីថ្ងៃចន្ទ (ទី៧ ខែតុលា) ដោយសារភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ក្នុងខណៈពេលដែលភាគហ៊ុនបានធ្លាក់ចុះ នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភផ្នែកនយោបាយ និងអត្រាការប្រាក់ បានរារាំងនិន្នាការឡើងថ្លៃវិញ នាពេលថ្មីៗនេះ។
ប្រេងឆៅ Brent North Sea ដែលជាតម្លៃគោលនៃប្រេងអន្តរជាតិ បានឡើងលើសពី ៨០ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូង គិតចាប់តាំងពីចុងខែសីហាមក។
គួរបញ្ជាក់ថា ភាគហ៊ុនរបស់ប្រេង បានជួបប្រទះនឹងការប្រែប្រួលឡើងចុះ នាពេលថ្មីៗនេះ ដោយប្រេងឆៅ Brent បានធ្លាក់ចុះក្រោមតម្លៃ ៧០ដុល្លារ កាលពីខែមុន ដោយសារការព្រួយបារម្ភ អំពីតម្រូវការតិចតួច មុនពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងៗ នៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃហក់ឡើង ១០ភាគរយ កាលពីសប្តាហ៍មុន។
អ៊ីស្រាអែលកំពុងរៀបចំការសងសឹករបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយមីស៊ីលរបស់ប្រទេសនេះ កាលពីសប្តាហ៍មុន ដោយធ្វើឲ្យការព្រួយបារម្ភមានកាន់តែខ្លាំងឡើងពីការរីករាលដាលសង្គ្រាមក្នុងតំបន់ពេញបន្ទុក ដែលអាចពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងប្រេង។
លើសពីភាពតានតឹង នៅមជ្ឈិមបូព៌ានេះ តម្លៃប្រេងនេះក៏ត្រូវបានគាំទ្រដោយការរំពឹងទុកពីតម្រូវការរបស់ចិនដែលមានកាន់តែខ្លាំងឡើងផងដែរ បន្ទាប់ពីទីក្រុងប៉េកាំងថ្មីៗនេះ បានប្រកាសវិធានការជំរុញសេដ្ឋកិច្ចសំខាន់ៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចដែលកំពុងទ្រេតទ្រោត៕