ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្រ្តាលីតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលីនឹងបន្តផ្តោតការយកចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលនឹងរួមចំណែកដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងនោះមានការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យកសិកម្ម សំដៅធ្វើយ៉ាងណាបង្កើនឱកាសការងារ និងការដាំដុះទទួលបានផលល្អ ការលើកកម្ពស់សុខុមាលភាពពលរដ្ឋ ការលើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការធ្វើកំណែទម្រង់និងអភិបាលកិច្ចល្អក្នុងវិស័យសាធារណៈ អន្តោប្រវេសន៍ និងការពង្រឹងវិស័យសន្តិសុខ និងការពារជាតិ ជាដើម។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការរំភើបប្រកបដោយកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ មានភាពប្រទាក់ក្រឡាគ្នាទៅនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ក៏ដូចជាសន្តិសុខ និងសុខុមាលភាពរបស់ប្រជាជនអូស្រ្តាលី។ ឯកឧត្តមបានសម្តែងនូវចំណាប់អារម្មណ៍លើទំនាក់ទំនងរវាងអូស្រ្តាលីនិងកម្ពុជា ដែលមកទល់ពេលនេះមានរយៈពេល ៧២ ឆ្នាំហើយ ដោយប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិគ្នាលើវិស័យជាច្រើន។ ក្នុងនោះដែរ ឯកឧត្តម បានសម្តែងនូវក្តីរីករាយចំពោះភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គមកម្ពុជា និងបានថ្លែងការកោតសរសើរដល់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ រួមទាំងការបញ្ជូនកងកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា៕


