ក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ ជាអ្នកដែលបានជួយផ្តល់អាហារដល់អ្នកជួបការលំបាកភាគច្រើននៅក្នុងប្រទេសស៊ូដង់ ក្នុងអំឡុងពេល១៧ខែនៃសង្រ្គាម បាននិយាយថា ការវាយប្រហារទៅលើពួកគេដោយភាគីប្រឆាំង កំពុងធ្វើឱ្យមានការលំបាកក្នុងការផ្តល់ជំនួយសង្គ្រោះជីវិតក្នុងពេលមានវិបត្តិភាពអត់ឃ្លានធំបំផុតរបស់ពិភពលោក។ អ្នកស្ម័គ្រចិត្តជាច្រើននាក់ បានរត់ភៀសខ្លួនដែលស្ថិតនៅក្រោមការគំរាមកំហែងពីការចាប់ខ្លួនឬអំពើហឹង្សា ហើយផ្ទះបាយសហគមន៍ ដែលពួកគេបានបង្កើតឡើងនៅក្នុងប្រទេស ជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានគេសន្និដ្ឋានថាស្លាប់ដោយសារតែភាពអត់ឃ្លាន និងជំងឺទាក់ទងនឹងភាពអត់ឃ្លានជារៀងរាល់ថ្ងៃ បានឈប់បម្រើអាហារជាច្រើនសប្តាហ៍មកហើយ។
សារព័ត៌មានReuters បាននិយាយទៅកាន់អ្នកស្ម័គ្រចិត្ត២៤នាក់ ដែលរៀបចំនៅតាមផ្ទះបាយ ក្នុងរដ្ឋ Khartoum ភាគកណ្តាលប្រទេសស៊ូដង់ តំបន់ភាគខាងលិចទីក្រុងDarfur និងផ្នែកខ្លះទៀតនៅភាគខាងកើត ជាកន្លែងដែលមនុស្សរាប់លាននាក់បានចាកចេញពីលំនៅឋានរបស់ពួកគេចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។
អ្នកស្ម័គ្រចិត្ត១០នាក់បានប្រាប់សារព័ត៌មានReuters តាមទូរស័ព្ទថា ទីភ្នាក់ងារមនុស្សធម៌អន្តរជាតិ ដែលពុំអាចនាំយកជំនួយស្បៀងអាហារទៅដល់ផ្នែកខ្លះរបស់ប្រទេសស៊ូដង់ក្នុងពេលមានហានិភ័យនៃគ្រោះទុរ្ភិក្ស បានបង្កើនការគាំទ្រដល់ក្រុមអ្នកស្ម័គ្រចិត្ត។ ប៉ុន្តែ នោះបានធ្វើឱ្យពួកគេកាន់តែក្លាយជាគោលដៅសម្រាប់អ្នកចូលលួចរបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ។
អ្នកស្ម័គ្រចិត្តម្នាក់ ដែលបានចាកចេញពីទីក្រុង Khartoum កាលពីឆ្នាំមុន ហើយបាននិយាយពីទីក្រុង គែរ ប្រទេសអេហ្ស៊ីប ថា យើងមានសុវត្ថិភាពនៅពេលដែលកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) មិនដឹងអំពីការផ្តល់មូលនិធិ។ ពួកគេបានមើលឃើញផ្ទះបាយរបស់យើងថាជាប្រភពនៃស្បៀងអាហារ។
អ្នកស្ម័គ្រចិត្តរាប់សិបនាក់បាននិយាយថា ភាគីជម្លោះទាំងពីរក៏បានវាយប្រហារ ឬឃុំខ្លួនអ្នកស្ម័គ្រចិត្ត ដោយសង្ស័យថាបានសហការជាមួយគូប្រជែងរបស់ពួកគេ។