អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក To Lam ទៅកាន់ទីក្រុងប៉ារីស វៀតណាម និងបារាំងបានលើកកម្ពស់ជាផ្លូវការនូវទំនាក់ទំនងរបស់ប្រទេសទាំង២ ឲ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតខ្ពស់បំផុតរបស់វៀតណាម។
ការផ្លាស់ប្តូរនេះបានគូសបញ្ជាក់ អំពីតួនាទីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរបស់វៀតណាមថា ជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក និងជាជោគជ័យចុងក្រោយបំផុត សម្រាប់គោលនយោបាយការបរទេសដែលអាចបត់បែនបានរបស់ខ្លួន ដែលគេស្គាល់ថាជា «ការទូតដើមឫស្សី»។
បើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី៧ ខែតុលា) បន្ទាប់ពីការលើកកម្ពស់ទំនាក់ទំនងនោះ បានឲ្យដឹងថា លោក Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ។
ជាមួយគ្នានេះ មេដឹកនាំទាំង២ បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗផ្សេងទៀត ដូចជា លំហអាកាស បញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនព្រលានយន្តហោះជាដើម។
គួរបញ្ជាក់ថា បន្ទាប់ពីមានកិច្ចព្រមព្រៀងជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដៃគូធំៗបំផុតចំនួន ៧ផ្សេងទៀតរបស់វៀតណាម ឥឡូវនេះ រួមមានសហរដ្ឋអាមេរិក ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន រុស្ស៊ី និងអូស្ត្រាលី៕