កោះកុង៖ ប្រជាពលរដ្ឋចំនួន ២៥៥គ្រួសារ រស់នៅស្រុកបូទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង មុនពិធីបុណ្យភ្ជុំបិណ្ឌនេះ បានទទួលកាដូជាជាការដោះស្រាយនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុង ០១គ្រួសារទទួលបានចំនួន ២ហិចតា។
ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លី ដោយសារតែគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ញូ ញៀន គឺសម្រេចទទួលយកសំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ តាមរយៈការសម្របសម្រួលក្រសួងរៀបចំដែនដែនដីនគរូបនីកម្ម និងសំណង រដ្ឋបាលខេត្តកោះកុង និងសមត្ថកិច្ចជំនាញ។
តំណាងពលរដ្ឋចំនួន ២៥៥គ្រួសារ បានសម្តែងនូវក្តីរីករាយជាខ្លាំងក្រោយបានចាប់ឆ្នោត និងទទួលលិខិតកិច្ចសន្យាបានដីធ្លីចំនួន២ហិចតាក្នុងមួយគ្រួសារ គ្រារង់ចាំដំណោះស្រាយអស់ពេលជិត ១២ឆ្នាំទៅហើយ។ ពលរដ្ឋក៏ចាត់ទុកថា នេះជាកាដូដ៏សំខាន់មួយពីរាជរដ្ឋាភិបាលសម្រាប់ការបញ្ចប់វិវាទដ៏រុំារ៉ៃរវាងពួកគាត់ និងក្រុមហ៊ុនញូញៀន។
អំឡុងពេលដំណើរការនីតិវិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍នីមួយៗស្ថិតនៅក្នុងឃុំតានូន ស្រុកបូទុមសាគរ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ថា ពលរដ្ឋដែលមកចុះកិច្ចសន្យាទទួលយកសំណងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺយន្តការដោះស្រាយមុនគេ ក្នុងចំណោមពលរដ្ឋបែងចែកជា៤ប្រភេទ។
លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា បន្ទាប់បញ្ចប់ការចាប់ឆ្នោតប្រគល់លិខិតកិច្ចសន្យាជូនពលរដ្ឋប្រភេទទី២រួចរាល់អស់ហើយនោះ ក្រសួងដែនដី អាជ្ញាធរខេត្ត និងស្រុក នឹងបន្តចាប់ឆ្នោតជូនពលរដ្ឋប្រភេទ៣ផ្សេងទៀតនាពេលក្រោយៗ។
បើតាមលោក សុខ សុទ្ធី ដំណើរការដោះស្រាយផលប៉ះពាល់ ពលរដ្ឋប្រភេទទី១- គឺមានពលរដ្ឋ២៤៧គ្រួសារ ក្នុង ០១គ្រួសារទទួលថវិកា៩.០០០ដុល្លារ សម្រាប់លំនៅដ្ឋានលើផ្ទៃដីកន្លះហិចតា និង៣ហិចតាបង្កបង្កើន។
ប្រជាពលរដ្ឋប្រភេទទី៣ ចំនួន ៨៣១គ្រួសារ ធ្លាប់បានដោះស្រាយម្តងហើយតែរាជរដ្ឋាភិបាលក៏ផ្តល់ជូនការដោះស្រាយជាដី១ហិចតាថែម និងប្រភេទទី៤ ពលរដ្ឋដែលបំបែងគ្រួសារថ្មីរយៈពេល ១០ឆ្នាំកន្លងទៅនេះ ដោយសុំដីសម្បទានសង្គមកិច្ច នឹងត្រូវបានដោះស្រាយ ប៉ុន្តែរង់ចាំដោះស្រាយក្រុមអ្នកខាងលើអស់សិន។
បើសរុបជាទំហំផ្ទៃដីដោះស្រាយដែលជូនពលរដ្ឋទាំង ៤ប្រភេទខាងលើមានចំនួន ២.៥០០ហិចតា ខណៈដីធ្លីតំបន់នេះ បានកាត់ឆ្វៀតចេញពីតំបន់ការពារតាមរយៈអនុក្រឹត្យលេខ៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែក ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងដែនដី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយដោះស្រាយផលប៉ះពាល់វិវាទនៅខេត្តកោះកុង ក៏អះអាងដែរថា មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិបម្រើដល់ការទទួលព្យាបាលអ្នកជំងឺកូវីដ១៩មួយថ្មី នឹងលេចរាងរូបឡើងជាផ្លូវការនៅភូមិសាស្រ្តក្នុងតំបន់ដោះស្រាយទំនាស់នេះដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងដែន បន្ថែមថា ផ្ទៃដីទំហំប្រមាណ១០ហិចតា ត្រូវបានគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវិស័យសុខាភិបាលនេះ ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្តបទ៖ ឈឹម មករា