ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុង Toronto ប្រទេសកាណាដាកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការសមគំនិតរបស់រដ្ឋាភិបាលពួកគេ នៅក្នុងសង្រ្គាមហ្កាហ្សា និងបានអំពាវនាវឲ្យរដ្ឋាភិបាលមួយនេះ ដាក់ទណ្ឌកម្មអ៊ីស្រាអែល ។
ប្រជាពលរដ្ឋនៅជុំវិញពិភពលោក នាំគ្នាស្មឹងស្មាធិ៍ ធ្វើពិធីបួងសួង និងធ្វើបាតុកម្ម ដើម្បីប្រារព្ធខួប ១ឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលដែលបង្កឲ្យកើតមានសង្រ្គាមនៅតំបន់ហ្កាហ្សា ខណៈដែលការប្រយុទ្ធគ្នានៅតែបន្តក្នុងដែនដីឡោមព័ទ្ធមួយនេះ កាលពីថ្ងៃចន្ទ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៧ ខែតុលា ២០២៣ ក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ក្នុងអំឡុងពេលការវាយឆ្មក់តាមសហគមន៍នានានៅភាគខាងត្បូងអ៊ីស្រាអែល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់ចូលទៅតំបន់ហ្កាហ្សា ។
យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល ដែលមានបំណងកម្ចាត់ក្រុមហាម៉ាស បណ្តាលឲ្យមនុស្សស្លាប់នៅហ្កាហ្សាជិត ៤២.០០០នាក់ ហើយប្រជាជនជិត ២,៣លាននាក់ ត្រូវរត់ភៀសខ្លួន ៕