ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi នឹងទៅបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីថ្ងៃអង្គារ (ទី៨ ខែតុលា) នេះ ដើម្បីពិភាក្សាអំពីបញ្ហានានា នៅក្នុងតំបន់ និងធ្វើការ ដើម្បីបញ្ឈប់ «ឧក្រិដ្ឋកម្ម» របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។
កាលពីសប្តាហ៍មុន ប្រភពខ្លះ បានប្រាប់សារព័ត៌មាន Reuters ថា បណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ ដែលភាគច្រើន ជាអ្នកនាំចេញថាមពលសំខាន់ៗ ដូចអ៊ីរ៉ង់ដែរ បានព្យាយាមផ្ដល់ធានាឡើងវិញ ដល់ទីក្រុងតេអេរ៉ង់ អំពីអព្យាក្រឹតភាពរបស់ពួកគេ នៅក្នុងជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល។
នៅក្នុងឃ្លីបវីដេអូមួយ លោក Araqchi បាននិយាយថា៖ «កិច្ចសន្ទនារបស់យើង បន្តទាក់ទងនឹងការវិវឌ្ឍក្នុងតំបន់ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឥតអៀនខ្មាសនៃរបបអ្នកគាំទ្រលិទ្ធិហ្សាអឺន (អ៊ីស្រាអែល) នៅក្នុងប្រទេសលីបង់ និងការបន្តឧក្រិដ្ឋកម្ម នៅក្នុងតំបន់ហ្កាហ្សា»។
លោក Araqchi បានបន្ថែមថា៖ «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងចាប់ផ្តើមដំណើរទៅកាន់តំបន់ ទៅកាន់ទីក្រុង Riyadh និងរដ្ឋធានីផ្សេងទៀត នៅក្នុងតំបន់ ហើយយើងនឹងខិតខំឲ្យមានចំណាត់ការរួមពីបណ្តាប្រទេសក្នុងតំបន់ ដើម្បីបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅ នៅក្នុងប្រទេសលីបង់»។
តែយ៉ាងណាក្ដី លោក Araqchi បានបញ្ជាក់ថា «កិច្ចប្រជុំ រវាងអ៊ីរ៉ង់ និងបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ បានធ្វើឡើងដោយមិនផ្លូវការនោះទេ ទំនាក់ទំនងរបស់យើងតែងតែប្រែប្រួលមិនទៀងទាត់ ប៉ុន្តែមានឆន្ទៈដែលទំនាក់ទំនងទាំងនេះនាំទៅរកកិច្ចសហប្រតិបត្តិការ ក្នុងតំបន់»៕

