
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានសម្រេចប្រគល់យានយន្តប្រមាណ ១៦៦គ្រឿង ដែលល្មើសនឹងបំរាមគោចរ ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តធ្វើការហាមប្រាម ដើម្បីទប់ស្កាត់ការរីកដាលនូវមេរោគកូវីដ១៩នោះទៅឲ្យម្ចាស់គេវិញដោយគ្មានការផាកពិន័យនោះឡើយ ក្រោយពីរដ្ឋបាលខេត្តបានបញ្ចប់ការកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំក្នុងភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីម្សិលមិញ ហើយទូរទស្សន៍BTV ទទួលបាននាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នំា២០១នេះ បានជូនដំណឹងដល់ម្ចាស់យានយន្តទាំងនោះឲ្យទៅទទួលយកម៉ូតូ និងរថយន្តរបស់ពួកផងខ្លួនមកវិញចាប់ពីថ្ងៃសុក្រទី១ ខែតុលានេះ នៅសួនច្បារព្រះរាជដំណាក់ (ដងស្ទឹងសៀមរាប) ដោយភ្ជាប់ជាមួយនូវឯកសារសម្គាល់យានយន្ត និងឯកសារបញ្ជាក់អត្តសញ្ញាណនានា។
ក្រោយពីធ្វើការប្រគល់នូវយានយន្តដល់ម្ចាស់វិញ អាជ្ញាធរគ្មានធ្វើការផាកពិន័យ នោះឡើយដោយគ្រាន់តែធ្វើការណែនាំតែប៉ុណ្ណោះ ហើយអាជ្ញាធរអះអាងថា ការឃាត់នូវយានយន្តរបស់ពួកគាត់ក៏ដើម្បីការ ពារសុខភាព និងអាយុជីវិតរបស់ពួកគាត់ផងដែរ៕ អត្ថបទ៖ បាន ចក់