ពលរដ្ឋហ្កាហ្សាជម្លៀសខ្លួននៅទីក្រុង Khan Younis បានរត់ភៀសខ្លួនជាថ្មីម្តងទៀត ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់ពួកគេនៅដែនដីបិទច្រកមួយនេះ ជាមួយនឹងការវាយប្រហារបន្ថែមទៀតលើក្រុមជីវពលហាម៉ាស់ និងប៉ុស្តិ៍បញ្ជាការរបស់ពួកគេ ។
ការវាយប្រហារកើនឡើងនេះ បានកើតមានឡើងនៅថ្ងៃដែលភាគីទាំងបារព្ធខួប ១ឆ្នាំនៃសង្រ្គាមហ្កាហ្សា ដែលបានបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងដែនមួយនេះ ហើយនិងបានផ្លាស់ប្តូរជីវិតរស់នៅរបស់ជនប៉ាឡេស្ទីនជារៀងរហូត ។
កងទ័ពអ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុកនៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយគ្រួសារជាច្រើន បានចាប់ផ្តើមជម្លៀសខ្លួនតាមរទេះសេះ និងឆៃកែវ ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់ក្រុមជីវពលរាប់សិបនាក់ និងបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេនៅទីក្រុង Jabalia ហើយប្រតិបត្តិការរបស់ពួកគេនឹងបន្ត ដើម្បីការពារក្រុមហាម៉ាស់ពីការប្រមូលផ្តុំកម្លាំងរបស់ពួកគេឡើងវិញ ៕


