ប្រទេសអង់គ្លេសបានកំណត់គោលដៅលើទាហានរុស្ស៊ី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគីមី នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ដោយបានដាក់ទណ្ឌកម្ម នៅថ្ងៃអង្គារ (ទី៨ ខែតុលា) នេះ អមដោយការចោទប្រកាន់រុស្ស៊ីពីការមាន «យុទ្ធសាស្ត្រឃោរឃៅ និងអមនុស្សធម៌»។
រដ្ឋាភិបាលបានឲ្យនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្ម នៅថ្ងៃអង្គារនេះ មានកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃសហព័ន្ធរុស្ស៊ី ហើយនិងប្រមុខដឹកនាំរបស់អង្គភាពនេះ គឺលោក Igor Kirillov។
នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានលើកឡើងថា៖ «ចក្រភពអង់គ្លេស នឹងមិនអង្គុយស្ងៀមនោះឡើយ ខណៈពេលដែលលោក Vladimir Putin និងរដ្ឋក្រុមឧក្រិដ្ឋជនរបស់លោក រំលោភលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងអនុសញ្ញាអាវុធគីមីផងដែរ»។
ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡុងដ្រ៍ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយ ជុំវិញការដាក់ទណ្ឌកម្មនេះ៕

