អាមេរិក៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានសុំទោសចំពោះរបៀបដែលបានប្រព្រឹត្តទៅលើជនអន្តោប្រវេសន៍ហៃទី នៅតាមបណ្តោយព្រំដែនអាមេរិក-ម៉ិចស៊ិក ដោយនិយាយថា វាមិនមែនជារបៀបដែលមន្ត្រីព្រំដែន ឬក្រសួងសន្តិសុខប្រទេសប្រព្រឹត្តឡើយ។

ការលើកឡើងរបស់លោក Juan Gonzalez ប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅប្រទេសហៃទី ដើម្បីពិភាក្សាជាមួយមេដឹកនាំតំបន់អំពីការធ្វើអន្តោប្រវេសន៍ និងបញ្ហាផ្សេងៗទៀត។ នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានរងការរិះគន់យ៉ាងខ្លាំងចំពោះការប្រព្រឹត្តទៅលើជនអន្តោប្រវេសន៍ហៃទី ដោយរូបភាពបង្ហាញពីបុរសជិះសេះដេញកៀងអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិហៃទី។ លោក Gonzalez កំពុងធ្វើទស្សនកិច្ចជាមួយលោក Brian Nichols ជំនួយការរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងពេលដែលកំពុងបន្តបណ្តេញជនជាតិហៃទីចេញពីអាមេរិកទៅស្រុកកំណើតរបស់ពួកគេវិញ។

យោងតាមក្រសួងសន្តិសុខប្រទេសបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា សហរដ្ឋអាមេរិកបានបណ្តេញជនចំណាកស្រុកហៃទីប្រមាណ ៤.៦០០នាក់ចេញពីទីក្រុង Del Rio រដ្ឋតិចសាស់ តាមជើងហោះហើរចំនួន ៤៣ជើង។ លោក Gonzalez បាននិយាយថា ការប្រមូលផ្តុំជនចំណាកស្រុកនៅតាមព្រំដែនគឺជា ភាពអាសន្នសុខភាពសាធារណៈ ហើយបានព្រមានដល់អ្នកដែលកំពុងគិតអំពីការចាកចេញ កុំឲ្យប្រថុយជីវិតរបស់ពួកគេ៕
អត្ថបទ៖ ប៊ុន ថន