ក្រុមមន្ត្រីហេសបូឡាលែងទាមទារបទឈប់បាញ់នៅហ្កាហ្សា ជាលក្ខខណ្ឌសម្រាប់ការឈានដល់បទឈប់បាញ់ក្នុងប្រទេសលីបង់ទៀតហើយ ដោយងាកចេញពីការសន្យាដដែលៗថានឹងបន្តប្រយុទ្ធរហូតដល់អ៊ីស្រាអែលបញ្ឈប់ការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ក្រុមចលនាហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

ចាប់តាំងពីក្រុមហេសបូឡា បានចាប់ផ្តើមបាញ់មីស៊ីលឆ្លងព្រំដែនប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ មន្ត្រីក្រុមហេសបូឡា និយាយដដែលៗថាពួកគេនឹងមិនបញ្ឈប់រហូតដល់អ៊ីស្រាអែលបញ្ចប់សង្រ្គាមនៅហ្កាហ្សា។

ប៉ុន្តែលោក ណេមកាសេម (Naim Qassem) មេដឹកនាំរងនៃក្រុមហេសបូឡា បានបំភ្លេចការសន្យានោះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារ ទោះលោកបានសន្យាថានឹងបន្តឈរជាមួយក្រុមហាម៉ាស និងប៉ាឡេស្ទីនក្នុងការប្រយុទ្ធរបស់ពួកគេជាមួយអ៊ីស្រាអែលក៏ដោយ។

លោក កាសេម ដែលឥឡូវនេះជាមន្ត្រីជាន់ខ្ពស់របស់ក្រុមហេសបូឡា បន្ទាប់ពីមេដឹកនាំរបស់ខ្លួនលោក Sayyed Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល បាននិយាយថា លោកបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានសភាលីបង់លោក Nabih Berri ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡាដើម្បីទទួលបានបទឈប់បាញ់ដោយមិនកំណត់បុរេលក្ខខណ្ឌ។

ពីរថ្ងៃមុននេះ មន្ត្រីថ្នាក់ទាបពីររូបរបស់ក្រុមហេសបូឡា ក៏បាននិយាយអំពីបទឈប់បាញ់នៅលីបង់ដែរ តែពុំបាននិយាយពីបទឈប់បាញ់នៅដែនដីហ្កាហ្សាទេ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសលោក Sami Abu Zuhri បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមរបស់លោកនៅតែមានទំនុកចិត្តលើជំហររបស់ហេសបូឡា ទាក់ទងនឹងកិច្ចព្រមព្រៀងណាមួយក្នុងការបញ្ឈប់សង្គ្រាមនៅហ្កាហ្សា៕