លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៨ ខែតុលា ថា ប្រទេសនេះអាចប្រឈមការបំផ្លិចបំផ្លាញដូចដែនដីហ្កាហ្សា ខណៈអ៊ីស្រាអែល បង្កើនការវាយលុកដោយថ្មើរជើងរបស់ខ្លួនប្រឆាំងក្រុមហេសបូឡា នៅតាមបណ្តោយផ្នែកខាងត្បូងនៃឆ្នេរសមុទ្ររបស់ប្រទេសលីបង់។

ការព្រមានដ៏ម៉ឺងម៉ាត់របស់លោក Netanyahu បានកើតឡើងស្របពេលយោធាអ៊ីស្រាអែល បានដាក់ពង្រាយទាហានបន្ថែមទៀត និងបានជំរុញឱ្យជនស៊ីវិលនៅតំបន់ឆ្នេរត្រូវជម្លៀសចេញ។

លោក Netanyahu បាននិយាយក្នុងសុន្ទរកថាតាមវីដេអូដែលសំដៅទៅប្រជាជនលីបង់ថា អ្នកមានឱកាសមួយដើម្បីសង្គ្រោះប្រទេសលីបង់មុនពេលធ្លាក់ចូលកាន់តែជ្រៅក្នុងសង្រ្គាមដ៏យូរអង្វែង ដែលនឹងនាំឲ្យមានការបំផ្លិចបំផ្លាញ និងការរងទុក្ខដូចយើងបានមើលឃើញនៅហ្កាហ្សាស្រាប់។

ខ្ញុំប្រាប់អ្នករាល់គ្នា ចំពោះប្រជាជនលីបង់ សូមរំដោះប្រទេសរបស់អ្នកពីក្រុមហេសបូឡា ដើម្បីឲ្យសង្រ្គាមនេះអាចបញ្ចប់។
មុននេះ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់ស្រោចរ៉ូកែតជាច្រើនគ្រាប់ ទៅកាន់ទីក្រុងកំពង់ផែហៃហ្វា (Haifa) របស់អ៊ីស្រាអែល បន្ទាប់ពីយោធាអ៊ីស្រាអែល បានរាយការណ៍ថា គ្រាប់ផ្លោងចំនួន ៨៥ គ្រាប់ហោះចេញពីប្រទេសលីបង់។
អ៊ីស្រាអែល បានបើកការវាយប្រហារដាក់គោលដៅលើទីតាំងរឹងមាំរបស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់កាលពីថ្ងៃទី ២៣ ខែកញ្ញា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង ២.០០០ នាក់ស្លាប់ចាប់តាំងពីពេលនោះមក និងបង្ខំមនុស្សជាងមួយលាននាក់ភៀសខ្លួន៕