ព្យុះសង្ឃរា មីលតុន (Milton) កាលពីថ្ងៃអង្គារ (០៨ តុលា) បានបង្កើនកម្លាំងឆ្ពោះទៅតំបន់ឆ្នេរឈូងសមុទ្ររដ្ឋ ហ្វ្លរីដា (Florida) សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី៥ ដ៏ធំសម្បើមមួយ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ដ៏វែង និងកង្វះខាតប្រេងឥន្ធនៈ ខណៈក្រុមមន្ត្រីបានបញ្ជាឱ្យមនុស្សជាង ១លាននាក់ភៀសខ្លួន មុនពេលព្យុះវាយបោកលើតំបន់ ថាមប៉ា បេ (Tampa Bay)។

ព្យុះ Milton កាលពីថ្ងៃចន្ទ បានបង្កើនទៅជាព្យុះសង្ឃរាអាត្លង់ទិកដ៏ខ្លាំងបំផុតមួយក្នុងកំណត់ត្រា និងត្រូវបានព្យាករថានឹងបោកបក់ដល់ដីនៅថ្ងៃពុធ (០៩ តុលា) នេះ ឬព្រឹកថ្ងៃព្រហស្បតិ៍ ដោយគំរាមកំហែងដល់តំបន់ឆ្នេរភាគខាងលិចដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលរបស់រដ្ឋ Florida ដែលទើបតែរងគ្រោះពីព្យុះសង្ឃរា ហេលេន (Helene) តិចជាងពីរសប្តាហ៍កន្លងទៅ។

ការវាយប្រហារដោយផ្ទាល់នៅលើតំបន់ឆ្នេរនេះនឹងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩២១មក សម្រាប់តំបន់ឆ្នេរ Tampa ដែលសព្វថ្ងៃនេះជាជម្រករបស់មនុស្សជាង ៣លាននាក់។ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិកបាននិយាយថា ព្យុះ Milton បានផ្ទុកនូវកម្លាំងខ្យល់អតិបរមា ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាកម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានចំណាត់ថ្នាក់ព្យុះ សាហ្វើ-ស៊ីមសុន (Saffir-Simpson) ដែលមាន ៥ជំហាន។

តំបន់ជាង ១០ តាមឆ្នេរសមុទ្រ ត្រូវបានចេញបញ្ជាជម្លៀសជាចាំបាច់ រួមទាំងតំបន់ ហ៊ីលបូរ៉ូ (Hillsborough) របស់ Tampa ផងដែរ។ ស្របពេលដែលមនុស្សម្នាសម្រុកជម្លៀសខ្លួន ប្រហែល ១៧% នៃស្ថានីយ៍ប្រេងឥន្ធនៈជិត ៨.០០០ទីតាំងរបស់រដ្ឋ Florida បានអស់ប្រេងឥន្ធនៈនៅល្ងាចថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារតាមដានទីផ្សារ ហ្គាសបាត់ឌី (GasBuddy)។
Milton បានក្លាយជាព្យុះដែលមានកម្លាំងខ្លាំងបំផុតទីបីក្នុងកំណត់ត្រានៅមហាសមុទ្រអាត្លង់ទិក ដែលត្រូវបានជំរុញដោយតំបន់ទឹកក្តៅនៅក្នុងឈូងសមុទ្រម៉ិកស៊ិក៕