រដ្ឋាភិបាលចិន បានរិះគន់មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) ថាកំពុងតែបង្កើនភាពតានតឹងជាមួយនឹង “ចេតនាអាក្រក់” នៅមុនពេលសុន្ទរកថាសំខាន់ដែលលោក Lai នឹងថ្លែងនៅថ្ងៃព្រហស្បតិ៍ (១០ តុលា) ស្អែកនេះក្នុងទីក្រុងតៃប៉ិ ដែលអាចបង្កឱ្យមានការឆ្លើយតបខាងយោធាពីប្រទេសចិន។

លោក Lai ដែលចូលកាន់តំណែងកាលពីខែឧសភា បន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីខែមករា ត្រូវបានប្រទេសចិន មិនពេញចិត្តជាខ្លាំង ដោយហៅលោកថាជា “ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់”។ ទីក្រុងប៉េកាំង អះអាងសិទ្ធលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ បដិសេធ។

ដោយឆ្លើយតប កាលពីល្ងាចថ្ងៃអង្គារ (០៨ តុលា) ចំពោះការលើកឡើងរបស់លោក Lai ដែលថា ប្រទេសចិន មិនអាចក្លាយជាមាតុភូមិរបស់កោះតៃវ៉ាន់ បានទេដោយសារតែកោះនេះមានឫសគល់នយោបាយដ៏ចំណាស់ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា លោក Lai កំពុងបំភ្លៃការពិត។

ការិយាល័យរបស់ប្រទេសចិន បានរិះគន់លោក Lai ថាបានបន្តប្រើប្រាស់ទ្រឹស្ដីបំផ្លៃការពិត ហើយគំនិតឯករាជ្យភាពតៃវ៉ាន់របស់លោកគឺជាកលល្បិច ដោយបកអាក្រាតជំហរដ៏រឹងរូសរបស់លោកចំពោះឯករាជ្យភាពតៃវ៉ាន់ និងចេតនាដ៏អាក្រក់ក្នុងការបង្កើនអរិភាព និងការប្រឈមមុខដាក់គ្នា៕