និស្សិតនៅសាកលវិទ្យាល័យរដ្ឋធំបំផុតនៅប្រទេសអាហ្សង់ទីន បានចេញរៀននៅក្រៅថ្នាក់នៅតាមដងផ្លូវ កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងការកាត់បន្ថយយ៉ាងខ្លាំងដល់ការផ្តល់មូលនិធិដល់សាកលវិទ្យាល័យរដ្ឋ ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលសេរីនិយមជ្រុលរបស់លោកប្រធានាធិបតី Javier Milei ។

និស្សិតមហាវិទ្យាល័យទស្សនវិជ្ជា អក្សរសាស្រ្ត និងចិត្តវិទ្យា មកពីសាកលវិទ្យាល័យ Buenos Aires (UBA) បានចេញរៀនក្រៅថ្នាក់ ដើម្បីប្រឆាំងការគំរាមរបស់រដ្ឋបាល លោក Milei ចំពោះច្បាប់ដែលអនុម័តដោយសភាកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីទទួលបានមូលនិធិនៅសាកលវិទ្យាល័យ ក្នុងពេលមានវិបត្តិសេដ្ឋកិច្ច ដោយមានអត្រាអតិផរណាប្រចាំឆ្នាំ ២៣៦.៧% ។

ការកាត់បន្ថយនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សាកលវិទ្យា UBA ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យធំៗចំនួន១០០នៅទូទាំងពិភពលោក។
ការកាត់បន្ថយនេះ ក៏បានរារាំងដល់ដំណើរការរបស់ស្ថាប័នទាំងនេះ ចាប់តាំងពី លោក Milei ចូលកាន់តំណែង កាលពីខែធ្នូ។
ផែនការសេដ្ឋកិច្ច ផ្អែកលើតុល្យភាពសារពើពន្ធរបស់ លោក Milei បានធ្វើឲ្យមានការរិះគន់ពីគូប្រជែងដែលអះអាងថា ការកែប្រែពុំមានការប្រុងប្រយ័ត្ន និងពុំមានភាពយុត្តិធម៌ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកដែលងាយរងគ្រោះបំផុត មានទាំងផ្នែកសុខភាព និងការសិក្សាអប់រំ។