នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយទៅកាន់បុគ្គលិក និងអ្នកគាំទ្រគណបក្សនៅទីក្រុង New Delhi កាលពីថ្ងៃអង្គារ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតដ៏ភ្នាក់ផ្អើលរបស់គណបក្ស Bharatiya Janata Party (BJP) របស់លោក នៅក្នុងរដ្ឋ Haryana ។ ជ័យជម្នះនេះ បានធ្វើឱ្យប្រជាប្រិយភាពរបស់គណបក្សកាន់តែរឹងមាំ។
លោក Modi បានចាត់ទុកជ័យជម្នះនេះថាជា«ប្រវត្តិសាស្ត្រ» និងបាននិយាយថា ប្រជាជន បានជ្រើសរើសយកការអភិវឌ្ឍន៍។

ដោយធ្វើឡើងក្នុងដំណាក់កាលដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ការបោះឆ្នោតតាមខេត្ត បានសាកល្បងប្រជាប្រិយភាពលើកដំបូងរបស់លោក Modi ចាប់តាំងពីការបន្តថ្មីរបស់លោកកាលពីខែមិថុនា ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទីបីជាប់ៗគ្នា ទោះបីជាលោក ត្រូវការជំនួយពីគណបក្សនានាក្នុងតំបន់ បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ។
គណបក្ស Congress ដែលត្រូវបានគេព្យាករដោយការស្ទង់មតិក្រោយការបោះឆ្នោតថា ទទួលជ័យជម្នះនៅរដ្ឋ Haryana បាននិយាយថាខ្លួននឹងមិនទទួលយកលទ្ធផលនេះទេ ព្រោះវាផ្ទុយទៅនឹងការពិត។
ដោយប្រតិកម្មទៅនឹងការលើកឡើងរបស់គណបក្ស Congress លោកនាយករដ្ឋមន្ត្រី បាននិយាយថា គណបក្សនេះកំពុងព្យាយាមផ្សព្វផ្សាយ «ភាពអនាធិបតេយ្យ» នៅក្នុងប្រទេស ដោយបង្កើតភាពខ្វែងគំនិតគ្នា រវាងផ្នែកជាច្រើននៅក្នុងសង្គម។