នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារ (០៨ តុលា) ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់អ្នកស្នងតំណែងពីររូបបន្តពីមេដឹកនាំដែលស្លាប់ទៅរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ខណៈយោធាបានពង្រីកការវាយលុកជើងគោកដីរបស់ខ្លួនប្រឆាំងនឹងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជាមួយនឹងកងពលធំទី៤ ដែលដាក់ពង្រាយទៅកាន់ភាគខាងត្បូងប្រទេសលីបង់។

លោក Netanyahu បាននិយាយថា “យើងបានបំផ្លាញសមត្ថភាពរបស់ហេសបូឡា ហើយបានកម្ចាត់ពួកភេរវកររាប់ពាន់នាក់ រួមទាំងប្រមុខក្រុមគឺលោក ហាសាន ណាស្រាលឡា (Hassan Nasrallah) និងអ្នកបន្តតំណែងពីលោក Nasrallah ម្នាក់ រួមទាំងអ្នកត្រៀមជំនួសម្នាក់ទៀត” ដោយមិនបញ្ចេញឈ្មោះអ្នកទាំងពីរនោះទេ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា មន្រ្តីហេសបូឡា លោក ហាសេម សាហ្វីឌីន (Hashem Safieddine) ដែលរំពឹងថានឹងស្នងតំណែងពីលោក Nasrallah ប្រហែលជាត្រូវបាន “កម្ចាត់” រួចហើយ។ ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់ទេថាតើ “អ្នកត្រៀមជំនួសម្នាក់ទៀត” ដែលលោក Netanyahu លើកឡើងនោះជាអ្នកណាឡើយ។

យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាប្រឆាំងនឹងបញ្ជាការក្រោមដីរបស់ពួកហេសបូឡា នៅភាគខាងត្បូងលីបង់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ បានសម្លាប់យុទ្ធជនយ៉ាងហោចណាស់ ៥០នាក់ រួមទាំងប្រមុខបញ្ជាការចំនួន ៦នាក់ និងមន្ត្រីក្នុងតំបន់ជាច្រើនទៀត៕