អាជ្ញាធរអនុវត្តច្បាប់របស់ប្រទេសឡាតវី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយកាលពីថ្ងៃអង្គារ ដោយចាប់ជនអន្តោប្រវេសន៍ចំនួន ៤៦ នាក់ និងអ្នកជួញដូរពីរនាក់ ក្នុងការតាមចាប់យ៉ាងតានតឹង។

នគរបាលរដ្ឋប្រទេសឡាតវី បានរាយការណ៍ថាការដេញតាមចាប់ បានចាប់ផ្តើមនៅព្រំដែនប្រទេសបេឡារុស មានរយៈពេលប្រហែលមួយម៉ោងហើយបានបញ្ចប់នៅក្នុងសហគមន៍តំបន់ Staburags ប្រទេសឡាតវីភាគកណ្តាល។

ក្រុមឈ្មួញ បានប្រើប្រាស់រថយន្តលាបពណ៌ដូចទៅនឹងរថយន្តនគរបាលរដ្ឋ ពាក់ស្លាកលេខក្លែងក្លាយ ក្នុងបំណងបំភ័នភ្នែកអាជ្ញាធរ។ ឆ្មាំព្រំដែន និងមន្ត្រីនគរបាល បានដេញតាមរថយន្ត មុនពេលស្ទាក់ចាប់បានដោយជោគជ័យ ដោយបានបាញ់សំបកកង់រថយន្ត។
ក្នុងពេលដេញតាម ជនអន្តោប្រវេសន៍ពីរនាក់ត្រូវបានបាញ់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែការរងរបួសពុំបានគំរាមកំហែងដល់អាយុជីវិតនោះទេ។
រហូតមកដល់ពេលនេះ ឆ្មាំព្រំដែនប្រទេសឡាតវី បានរារាំងការប៉ុនប៉ងឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចំនួន ៤.៦១៤ លើក ពីប្រទេសបេឡារុស ក្នុងឆ្នាំនេះ ប៉ុន្តែបានអនុញ្ញាតឱ្យមនុស្ស ១៨ នាក់ចូលមក ដោយផ្អែកលើហេតុផលមនុស្សធម៌។