មន្ត្រីជំនិតជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀ ហ្សេលេនស្គី (Vlodimir Zelensky) បាននិយាយថា អ៊ុយក្រែនលែងមានគម្រោងរៀបចំសន្និសីទសន្តិភាពលើកទី២ ស្តីពីការបញ្ចប់អរិភាពជាមួយរុស្ស៊ីទៀតហើយ ដែលដើមឡើយកិច្ចប្រជុំនេះ ត្រូវបានគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខ។

លោក Zelensky បានរៀបចំកិច្ចប្រជុំកំពូលសន្តិភាពមួយកាលពីក្នុងខែមិថុនានៅឯរមណីយដ្ឋាន លូហ្សើន(Luzerne) ប្រទេសស្វីស ជាកន្លែងដែលរូបលោកបានស្វែងរកការគាំទ្រសម្រាប់ "រូបមន្តសន្តិភាព" របស់ខ្លួនជាបញ្ជីក្ដីបំណង១០ចំណុច ដែលទីក្រុងមូស្គូបានច្រានចោលថាជាគិតផ្ដេសផ្ដាស។ ព្រឹត្តិការណ៍ដែលរុស្ស៊ីមិនត្រូវបានអញ្ជើញ ត្រូវគេមើលឃើញយ៉ាងច្បាស់ថាជាការបរាជ័យ។

មន្ត្រីជំនិតជាន់ខ្ពស់របស់ប្រធានាធិបតីគឺលោកស្រី ដាយ៉ា ហ្សារីវណា (Darya Zarivna) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថាកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរនឹងមិនប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាទេ។
យោងតាមមន្ត្រីខាងលើ ការងារកំពុងបន្តលើការរៀបចំសម្រាប់កិច្ចប្រជុំបែបនេះស្ដីពីសន្និសីទអន្តរជាតិផ្ដោតលើចំណុចនីមួយៗ ដូច្នេះអ្វីៗនឹងរួចរាល់សម្រាប់សន្និសីទនៅពេលណាមួយ។
លោកស្រី បាននិយាយថា សន្និសីទចុងក្រោយនៃប្រធានបទទាំងនោះ ដែលត្រូវដោះស្រាយក្ដីកង្វល់មនុស្សធម៌ គួរតែប្រព្រឹត្តទៅនៅប្រទេសកាណាដា នៅចុងខែតុលានេះ៕