ថៃ៖ មន្ត្រីក្រុងបាងកកប្រទេសថៃបានព្រមានសហគមន៍ នៅតាមដងទន្លេចៅប្រាយ៉ាឲ្យត្រៀមទប់ទល់គ្រោះទឹកជំនន់ ខណៈទំនប់ទឹកនៅផ្នែកខាងលើដែលទឹកឡើងខ្ពស់ ដោយសារភ្លៀងធ្លាក់ខ្លាំងបានបន្តរំដោះទឹកជាការប្រុងប្រយ័ត្នជាមុន។

ប្រជាពលរដ្ឋនៅក្រុងអយុធ្យា ដែលជាទីក្រុងបុរាណនៅភាគខាងជើងនៃរដ្ឋធានីប្រទេសថៃ បានជួបនូវផលប៉ះពាល់នេះរួចមកហើយ ខណៈដែលទឹកបានហៀរចេញពីទន្លេជន់លិចតំបន់ទំនាបនៅទីក្រុង។ ព្រះសង្ឃបានបង្កើតជញ្ជាំងទប់ទឹកជំនន់ ដើម្បីការពារប្រាសាទបុរាណមួយនៅតាមបណ្ដោយផ្លូវទឹក។ មនុស្សជាច្រើនកំពុងរើចេញរបស់របររបស់ពួកគេទៅកាន់ទីទួលខ្ពស់ៗ ខណៈអាជ្ញាធររៀបចំមជ្ឈមណ្ឌលជម្លៀសនៅតាមសាលារៀននៅទីក្រុង។ ដោយសារកម្ពស់ទឹកឡើងខ្ពស់ និងលឿន ប្រជាជនមួយចំនួនខ្លាចហេតុការណ៍ដូចគ្នាអាចកើតឡើងម្តងទៀតនៃទឹកជំនន់ឆ្នាំ២០១១ ដែលបានលិចលង់តំបន់ជាច្រើនរបស់ប្រទេសថៃ។ នៅពេលនោះមានហេតុការណ៍រួមបញ្ចូលគ្នានៃរដូវមូសុងខ្លាំង និងព្យុះត្រូពិកបាននាំឱ្យមានទឹកជំនន់បង្កមហន្តរាយ។
ក្រសួងបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មនុស្ស ៧នាក់បានស្លាប់ និងម្នាក់ទៀតកំពុងបាត់ខ្លួនចាប់តាំងពីចុងសប្ដាហ៍ ដោយសារទឹកជំនន់បង្កឡើងដោយព្យុះត្រូពិច Dianmu។ ក្រសួងបានប្រកាសកាលពីថ្ងៃសុក្រថា គ្រួសារសរុបចំនួន ២២៩.២២០គ្រួសារនៅក្នុងខេត្តចំនួន ៣១ ដែលភាគច្រើននៅភាគខាងជើង ភាគឦសាន និងតំបន់ភាគកណ្ដាលបានរងផលប៉ះពាល់៕
អត្ថបទ៖ ប៊ុន ថន