ប្រទេសថៃ បានត្រៀមស្នើឡើងនូវផែនការថ្មីមួយសម្រាប់ដំណោះស្រាយវិបត្តិនៅសហភាពមីយ៉ាន់ម៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពក្នុងតំបន់មានការរីកចម្រើនតិចតួច ក្នុងពេលដែលបណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍ ជួបប្រជុំគ្នានៅប្រទេសឡាវ នៅថ្ងៃពុធ (០៩ តុលា) នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

ប្រទេសថៃ បានលើកឡើងក្នុងសប្តាហ៍នេះក្នុងការធ្វើជាម្ចាស់ផ្ទះ “កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ” សម្រាប់សមាជិកទាំង១០ប្រទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងខែធ្នូ ដើម្បីព្យាយាមស្វែងរកផ្លូវចេញពីជម្លោះដ៏តានតឹងរបស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យមនុស្សរាប់លាននាក់រត់ភៀសខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា៖ យើងចង់មើលឃើញដំណោះស្រាយនយោបាយ ហើយគំនិតផ្តួចផ្តើមរបស់ថៃនេះ នឹងបំពេញបន្ថែមពីលើកិច្ចប្រឹងប្រែងសន្តិភាពរបស់អាស៊ានដែលមានស្រាប់ ប៉ុន្តែប្រហែលជាមិនពាក់ព័ន្ធនឹងប្រទេសក្រៅតំបន់ភ្លាមៗទេ។

សំណើដែលបានបង្ហើបឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃអង្គារ (០៨ តុលា) នេះ បានកើតឡើងក្នុងពេលដែលប្លុកមិនមានជម្រើសច្រើនដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ ផែនការ “មតិឯកច្ឆ័ន្ទសន្តិភាពប្រាំចំណុច” របស់អាស៊ាន ដែលដាក់ចេញប៉ុន្មានខែក្រោយរដ្ឋប្រហារមីយ៉ាន់ម៉ា ពុំមានការរីកចម្រើនទេ ខណៈការជំរុញពីឥណ្ឌូនេស៊ី ដើម្បីបញ្ចុះបញ្ចូលក្រុមប្រឆាំងរបបសឹកឱ្យចាប់ផ្តើមការសន្ទនា ក៏ពុំមានលទ្ធផលដែរ។
ភាពវឹកវរបានរួមរឹតមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបង្កឱ្យមានការបះបោរទូទាំងប្រទេស និងសង្រ្គាមស៊ីវិលដ៏បំផ្លិចបំផ្លាញ។ រហូតមកដល់ពេលនេះ របបសឹកដែលកំពុងកាន់អំណាច បានបដិសេធមិនចរចាជាមួយគូប្រជែងប្រដាប់អាវុធ ដែលខ្លួនហៅថាជាពួកភេរវករ នោះឡើយ៕