ការស្ទង់មតិដោយក្រុមស្រាវជ្រាវជាន់ខ្ពស់នៃយោធារបស់កោះតៃវ៉ាន់ បានបង្ហាញនៅថ្ងៃពុធ (០៩ តុលា) នេះថា ពលរដ្ឋតៃវ៉ាន់ភាគច្រើនជឿថា ប្រទេសចិន ទំនងជាវាយក្រសោបយកកោះនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះឡើយ ប៉ុន្តែមើលឃើញថាទីក្រុងប៉េកាំង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះកោះស្វ័យគ្រប់គ្រងមួយនេះ។

ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ យោធារបស់ចិន បានបង្កើនសកម្មភាពរបស់ខ្លួនជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់របស់រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ហើយមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

ការស្ទង់មតិលើមនុស្សប្រហែល ១.២០០នាក់ ដែលធ្វើឡើងកាលពីខែមុន ដោយវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខរបស់កោះតៃវ៉ាន់ បានបង្ហាញថា ចំនួន ៦១% នៃអ្នកឆ្លើយតប គិតថា “មិនទំនង ឬមិនទំនងយ៉ាងខ្លាំង” ដែលថាចិន នឹងវាយក្រសោបកោះក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ការស្ទង់មតិនេះបង្ហាញពីភាពផ្ទុយគ្នាស្រឡះទៅនឹងការព្រមានរបស់ប្រមុខទីភ្នាក់ងារចារកម្មសម្ងាត់ CIA របស់សហរដ្ឋអាមេរិក ដែលបាននិយាយកាលពីឆ្នាំមុនថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនដើម្បីធ្វើការវាយក្រសោបលើកោះតៃវ៉ាន់ នៅឆ្នាំ២០២៧៕