ជនរងគ្រោះដោយទឹកជំនន់ បានវិលត្រឡប់ទៅកាន់លំនៅឋានដែលពេញដោយដីល្បប់វិញ កាលពីថ្ងៃអង្គារ ទី៨ ខែតុលា ខណៈទឹកជន់លិចដោយទឹកជំនន់ នៅភាគខាងកើតរដ្ឋប៊ីហារ បានស្រកចុះ។

មនុស្សរាប់ម៉ឺននាក់ ត្រូវបានឲ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីទំនប់ទឹក Kosi បាក់ធ្លាយ ហើយទន្លេ Bagmati បានឡើងហៀរច្រាំងបណ្ដាលឱ្យមានទឹកជំនន់នៅតំបន់ជាច្រើននៃរដ្ឋ Bihar ។

ទឹកទន្លេដែលហក់ឡើងហៀរច្រាំង បាននាំទឹករួមទាំងដីល្បប់ពីផ្លូវនានាចូលទៅក្នុងលំនៅឋានរបស់ប្រជាជន។ អ្នកភូមិ ត្រូវបានគេមើលឃើញកំពុងសម្អាតផ្ទះរបស់ពួកគេ និងរុះរើរបស់របរដែលមានទឹកជាប់ជាមួយដីល្បប់នៅជុំវិញ។
រដ្ឋ Bihar មានព្រំប្រទល់ជាប់ប្រទេសនេប៉ាល់តំបន់ភ្នំហិម៉ាឡៃ គឺជារដ្ឋដែលងាយរងគ្រោះដោយទឹកជំនន់បំផុត។
ច្រើនជាង៧០ភាគរយនៃតំបន់ភូមិសាស្រ្តសរុបរបស់រដ្ឋនេះ ប្រឈមហានិភ័យនៃទឹកជំនន់ប្រចាំឆ្នាំ ដែលធ្វើអោយជីវិតមនុស្សប្រឈមហានិភ័យ និងនាំឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ។
