តុលាការកំពូលរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារបានអនុញ្ញាតឱ្យវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X បន្តប្រតិបត្តិការនៅក្នុងប្រទេសនេះ បន្ទាប់ពីត្រូវបានហាមឃាត់រយៈពេលជាងមួយខែដោយសារតែការមិនគោរពទៅតាមសេចក្តីសម្រេចរបស់តុលាការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ចៅក្រម លោក Alexandre de Moraes បានដកចេញបម្រាមនេះ បន្ទាប់ពីក្រុមហ៊ុនបណ្តាញ X បានបង់ប្រាក់ពិន័យប្រមាណ៥,១៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលប្រេស៊ីល។
លោក Moraes បានចេញសេចក្តីសម្រេចថា «ខ្ញុំសូមប្រកាសថា បម្រាមផ្អាកត្រូវបានដកចេញ និងអនុញ្ញាតឱ្យដំណើរការឡើងវិញភ្លាមៗចំពោះសកម្មភាពរបស់ក្រុមហ៊ុន X Brasil Internet Ltd. នៅក្នុងប្រទេសប្រេស៊ីល»។ លោកក៏បានបង្គាប់ឱ្យទីភ្នាក់ងារទូរគមនាគមន៍ជាតិ អនុវត្តការសម្រេចនេះ ហើយរាយការណ៍ត្រឡប់ទៅកាន់តុលាការកំពូលវិញ ក្នុងរយៈពេល២៤ម៉ោង។

បណ្តាញ X ត្រូវបានហាមឃាត់កាលពីថ្ងៃទី៣០ខែសីហា សម្រាប់ការបដិសេធមិនតែងតាំងអ្នកតំណាងស្របច្បាប់នៅក្នុងប្រទេសប្រេស៊ីល និងសម្រាប់ការមិនបង់ប្រាក់ពិន័យ សម្រាប់ការមិនគោរពតាមសេចក្តីបង្គាប់របស់តុលាការ។ ចាប់តាំងពីពេលនោះមក វេទិកានេះបានតែងតាំងអ្នកតំណាងស្របច្បាប់ និងបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការ ដើម្បីបិទគណនីរបស់បុគ្គលច្រើននាក់ដែលកំពុងត្រូវបានស៊ើបអង្កេតពីបទញុះញង់ឱ្យមានរដ្ឋប្រហារនៅក្នុងប្រទេសប្រេស៊ីល។