ការិយាល័យថវិការបស់សភា (CBO) បានប៉ាន់ប្រមាណកាលពីថ្ងៃអង្គារ (០៨ តុលា) ថា ឱនភាពថវិកាសហព័ន្ធរបស់សហរដ្ឋអាមេរិក មានចំនួន ១,៨៣៤ សែនកោដិ៍ដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងសម័យក្រោយកូវីដ ដោយសារការចំណាយលើការប្រាក់បានកើនឡើងយ៉ាងខ្លាំង ហើយការចំណាយសម្រាប់សន្តិសុខសង្គម វេជ្ជសាស្រ្ត និងឥណទានពន្ធធានារ៉ាប់រងសុខភាព ក៏បានហក់ឡើងខ្ពស់។

ការប៉ាន់ប្រមាណនេះលើសពីរបាយការណ៍ថវិកាចុងឆ្នាំរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីចុងខែ ដោយបង្ហាញពីឱនភាព (ចំណាយច្រើនជាងចំណូល) កើនឡើង ១១% ពីគម្លាតសារពើពន្ធ ១.៧សែនកោដិ៍ដុល្លារក្នុងឆ្នាំ២០២៣ ប៉ុន្តែទាបជាងឱនភាព ១,៩សែនកោដិ៍ដុល្លារ ដែលបានប៉ាន់ប្រមាណក្នុងខែមិថុនា ឆ្នាំនេះ ដោយការិយាល័យ CBO។
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងអះអាងថា ខ្លួននឹងមានភាពទទួលខុសត្រូវផ្នែកសារពើពន្ធក្នុងនាមជាប្រធានាធិបតី ច្រើនជាងគូប្រជែងបក្សសាធារណរដ្ឋ លោក Donald Trump ដោយសន្យាថានឹងទូទាត់ការចំណាយថ្មីទាំងស្រុងជាមួយនឹងការដំឡើងពន្ធនៅកន្លែងផ្សេងទៀត។

ក្រុមស្រាវជ្រាវសារពើពន្ធ ដែលជាគណៈកម្មាធិការថវិកាសហព័ន្ធ (RFB) បានប៉ាន់ប្រមាណកាលពីថ្ងៃចន្ទថា ផែនការរបស់លោក Trump នឹងបង្កើនបំណុលថ្មីចំនួន ៧,៥សែនកោដិ៍ដុល្លារ ដែលច្រើនជាងពីរដងនៃបំណុល ៣,៥សែនកោដិ៍ដុល្លារក្នុងសំណើរបស់លោកស្រី Harris។
ប៉ុន្តែបន្ទាប់ពីការថយចុះនៃឱនភាពរបស់សហរដ្ឋអាមេរិក នៅឆ្នាំ២០២១ និង ២០២២ ក្នុងពេលដែលសេដ្ឋកិច្ចបានងើបឡើងវិញ ហើយការចំណាយសង្គ្រោះលើជំងឺកូវីដ១៩ បានបញ្ចប់ ឱនភាពបានបន្តហក់ឡើងយ៉ាងខ្លាំងក្នុងពេល ២ឆ្នាំចុងក្រោយនេះ ហើយការិល័យ CBO ប៉ាន់ប្រមាណថា ប្រសិនបើពុំមានការផ្លាស់ប្តូរចំពោះច្បាប់បច្ចុប្បន្ន ឱនភាព “មូលដ្ឋាន” នឹងកើនឡើង ២២សែនកោដិ៍ដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕