នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk) កាលពីថ្ងៃអង្គារ បានប្រកាសចំនួនអ្នកស្លាប់ជាផ្លូវការដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះនៅក្នុងប្រទេស ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលថារដ្ឋាភិបាលកំពុងបិទបាំងចំនួនពិតនៃអ្នកស្លាប់។

លោក Tusk និយាយថាមនុស្ស៩នាក់បានស្លាប់ដាយសារទឹកជំនន់ដែលបានវាយលុកប្រទេសប៉ូឡូញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក បាននិយាយក្នុងអំឡុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី ដែលបានបើកចំហដល់ប្រព័ន្ធផ្សព្វផ្សាយថា «យើងនៅតែនិយាយអំពីអ្នកស្លាប់ចំនួន៩នាក់ ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់ទឹកជំនន់ រួមមាន៧នាក់ជាជនជាតិប៉ូឡូញ ម្នាក់ជាពលរដ្ឋឆេក និងម្នាក់ទៀតជាពលរដ្ឋអាល្លឺម៉ង់។

លោកបាន រិះគន់ការផ្សព្វផ្សាយព័ត៌មានដែលថាមនុស្សរាប់រយនាក់បានស្លាប់ ហើយរដ្ឋាភិបាលកំពុងព្យាយាមលាក់បាំងរឿងនេះ។ លោក និយាយថាព័ត៌មានមិនពិតនេះ «មិនបាននាំមកនូវភាពធូរស្រាលដល់អ្នកណាម្នាក់ឡើយ» ហើយលោកសង្ឃឹមថា «ព័ត៌មានមិនពិតនេះ នឹងត្រូវបញ្ចប់»។
គណៈរដ្ឋមន្ត្រីរបស់ប្រទេសប៉ូឡូញ នឹងកំណត់ពេលអនុម័តសេចក្តីសម្រេចដែលអនុញ្ញាតឱ្យមានការសម្របសម្រួលការងារសាងសង់ឡើងវិញនៅក្នុងតំបន់រងផលប៉ះពាល់ដោយទឹកជំនន់។
ទឹកជំនន់ដ៏មហន្តរាយបំផុតក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍កន្លងទៅ កាលពីពេលថ្មីៗនេះ បានបំផ្លិចបំផ្លាញនៅទូទាំងអឺរ៉ុបកណ្តាល មានប្រទេសប៉ូឡូញ អូទ្រីស និងសាធារណរដ្ឋឆេក ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។ ប្រទេសប៉ូឡូញ បានប៉ាន់ប្រមាណថាការខូចខាតបណ្តាលមកពីទឹកជំនន់អាចមានចំនួនដល់ទៅ៩ពាន់លានដុល្លារអាមេរិក។