សហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃអង្គារ (ទី៨ ខែតុលា) បានលើកឡើងពីការព្រួយបារម្ភអំពីពាណិជ្ជកម្ម រវាងប្រទេសទាំង២ ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មលើក្រុមហ៊ុនរបស់ប្រទេសខ្លួន «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ការនិយាយគ្នាតាមទូរសព្ទរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo ត្រូវបានទីក្រុងប៉េកាំងពិពណ៌នាថា ជាការជជែកគ្នាប្រកបដោយ «ភាពស្មោះត្រង់ ភាពស៊ីជម្រៅ និងការមានហេតុមានផល»។

ការជជែកគ្នានេះកើតឡើងភ្លាមៗ បន្ទាប់ពីការដំឡើងពន្ធយ៉ាងខ្ពស់របស់សហរដ្ឋអាមេរិកលើរថយន្តអគ្គិសនី (EV) អាគុយ EV និងបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ បានចូលជាធរមាន ដោយពន្ធលើផលិតផលផ្សេងទៀត ក៏ត្រូវបានបញ្ចប់នាពេលថ្មីៗនេះផងដែរ។
លើសពីនេះ សហរដ្ឋអាមេរិកគ្រោងនឹងហាមឃាត់ការលក់យានយន្តដែលមានភ្ជាប់បច្ចេកវិទ្យារបស់ចិន និងរុស្ស៊ី ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានដាក់កម្រិតលើការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិនផងដែរ ដូចជាឧបករណ៍បន្ទះអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនដែលប្រើសម្រាប់ផលិតឧបករណ៍ទាំងនោះ។
យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានឲ្យដឹងថា កាលពីថ្ងៃអង្គារ លោក Wang «បានផ្តោតលើការបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង អំពីគោលនយោបាយបន្ទះអេឡិចត្រូនិករបស់សហរដ្ឋអាមេរិកលើប្រទេសចិន និងការរឹតបន្តឹងរបស់ប្រទេសនេះលើរថយន្តដែលមានភ្ជាប់បណ្តាញរបស់ប្រទេសចិន»៕